ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង៥ និង៥៥នាទីល្ងាច ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥៩ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖ ដំបូង មានម៉ូតតូ១គ្រឿង ម៉ាកហុងដា ឌ្រីមពាក់ ស្លាកលេខ ប.មានជ័យ 1AC.7428 បើកបរដោយឈ្មោះ អន ថា ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិថ្មី ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរទិសដៅពីកើតទៅលិច មានអ្នករួមដំណើរម្នាក់ឈ្មោះ មាក ណានភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ឋាយមានជ័យ ពេលមកដល់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិកៅបី ឃុំអូរស្រឡៅ មានម៉ូតូ១គ្រឿងទៀតម៉ាក KAVA ពណ៌ទុំព្រីង គ្មានស្លាកលេខ បើកបរដោយឈ្មោះ ពៅ សឿយ ភេទប្រុសអាយុ៦៥ឆ្នាំ នៅភូមិឈើទាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបើកឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យម៉ូតូហុងដាឌ្រីមបុកពេញទំហឹងកើតមានគ្រោះថ្នាក់ បង្កឲ្យមានអ្នករបួសធ្ងន់៣នាក់ មានឈ្មោះ ១/-ពៅ សឿយ ភេទ ប្រុស អាយុ៦៥ឆ្នាំ រស់នៅឈើទាល បើកម៉ូតូម៉ាក KAVA ២/-អន ថា ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិថ្មី បើកបរម៉ូតូហុងដាឌ្រីម និងអ្នករួមដំណើរឈ្មោះម៉ាក ណាន ភេទស្រី អាយុ៤៩ នៅភូមិថ្មី ។
លោកនាយរងការិយាល័យបានបញ្ជាក់ថា៖ មូលហេតុបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាល មកពីអ្នកបើកម៉ូតូ KAVA ឆ្លងផ្លូវមិនប្រយ័ត្ន ទើបកើតមានគ្រោះថ្នាក់ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ចំណែកម៉ូតូខូចខាតធ្ងន់ កម្លាំងនគរបាលជំនាញ ចរាចរណ៍នគរបាលស្រុកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ វណ្ណា