ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ​ ៖​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចំណាយប្រមាណ២ពាន់លានដុល្លារ​ ចេញជារូបរាងបណ្តើរៗហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារការ និងដឹកជញ្ជូន​ ចេញផ្សាយថា​គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងប្រមាណ១៩០,០៣៥គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ចាប់ផ្តើមចេញជារូបរាងបណ្តើរៗហើយ​ ។

នៅថ្ងៃទី៨ ខែធ្នូ នេះ​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

ក្រសួងសាធារណការ​ ចេញផ្សាយថា​ គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះដំណើរការសាងសង់សម្រេចបាន ៧,៣០% ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពី ភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ។

ផ្លូវនេះអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ប្រើរយៈពេលសាងសង់៤៨ខែ មានគន្លងផ្លូវចំនួន៤គន្លង ទទឹង ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨,៣ គីឡូម៉ែត្រ និងខេត្តចំនួន ០៤ ទៀត ក្នុងនោះរួមមាន ខេត្តកណ្តាលប្រវែងប្រមាណ ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែងប្រមាណ ៨០,៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែងប្រមាណ ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ ៨៩,៨៩គីឡូម៉ែត្រ៕ ចេស្ដា

 


ចែករំលែក៖