ខេត្តកំពង់ស្ពឺ៖ រថយន្តដឹកឈើផ្ទះ១គ្រឿង និងគោយន្ត១គ្រឿងដឹកឈើសរុបជាង៤ម៉ែត្រគូប ដែលគ្មានច្បាប់អនុញ្ញាតនោះត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកភ្នំស្រួច ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថបង្ក្រាបបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើបសេដ្ឋ ប៉ុន្តែត្រូវបានលោក ចាន់ មុន្នីនាថ នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋស្តីទីដោះលែងរថយន្តដឹកឈើនោះស្ងាត់ៗទៅវិញ ដោយយកលេសថា មានលិខិតស្នាមចេញពីដេបូឈើទៅវិញ ។
បង្ក្រាបរថយន្ត និងគោយន្តដឹកឈើខាងលើនេះ កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថាលោកបានដឹកនាំកម្លាំងចុះល្បាតតាមភូមិសាស្ត្រខាងលើក៏ប្រទះឃើញរថយន្តមួយគ្រឿងម៉ាកKia ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2P 8419 ដឹកឈើ(ប្រភេទគ្រឿងផ្ទះ)ដែលមិនមានលិខិតស្នាមអ្វីឡើយ(គឺឈើអត់ច្បាប់) ។ ឈើនៅក្នុងរថយន្តនេះសរុបមានសន្លឹកប្រវែង៥គុណ១២ គុណ៥ម៉ែត្រ ចំនួន ០៧ សន្លឹក ប្រវែង៥គុណ ១២ គុណ៦ម៉ែត្រ ចំនួន ០៩ សន្លឹក ប្រវែង ៥គុណ ១២គុណ ៧ម៉ែត្រ ចំនួន ៥៥ សន្លឹក និងប្រវែង ៥គុណ ១២គុណ៨ម៉ែត្រ ចំនួន ១២ សន្លឹក សរុបចំនួន៣,៤២០ម៉ែត្រគូប(ជាង៣ម៉ែត្រគីប) ។ ចំណែកគោយន្តកន្ត្រៃ ដឹកសរសជ្រុង(សរសផ្ទះ) ចំនួន ១២ដើម ស្មើ ០៩,៦០ម៉ែត្រគូប ។ ចំនួនសរុបទាំងអស់រថយន្ត និងគោយន្ត ចំនួន ៤,៣៨០ម៉ែត្រគូប(ជាង៤ម៉ែត្រគីប) ។ បន្ទាប់ពីបង្ក្រាបវាស់វែងរួចរាល់ហើយ លោកវរសេនីយ៍ត្រី យស ឌីណា បានប្រគល់វត្ថុតាងទាំងអស់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកបសេដ្ឋដែលមានលោក ចាន់ មុន្នីនាថ នាយផ្នែកស្តីទី និងមន្ត្រីរបស់លោកមកទទួលផងដែរ ។
បន្ទាប់ពីទទួលបានព័ត៌មានបង្ក្រាបរថយន្ត និងគោយន្តកន្ត្រៃដឹកឈើអត់ច្បាប់រួចមកនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះក្រុមអ្នកសារព័ត៌មានបាននាំគ្នាទៅកាន់ស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋដើម្បីទៅផ្តិតយករូបភាពមកផ្សព្វផ្សាយតែមិនបានឃើញរថយន្តដឹកឈើខាងលើនោះឡើយឃើញតែគោយន្តកន្ត្រៃ១គ្រឿងប៉ុណ្ណោះ ។ ពេលនោះក្រុមអ្នកសារព័ត៌មាន បានទូរសព្ទ័ ទៅលោក ចាន់ មុន្នីនាថ នាយផ្នែកបាលព្រៃឈើបសេដ្ឋស្តីទី ថាមូលហេតុដែលលោកដោះលែងរថយន្តដឹកឈើខាងលើដោយសារមានច្បាប់ដេប៉ូទើបលោកឱ្យត្រឡប់ទៅវិញ ។ ទង្វើររបស់លោកនាយផ្នែកស្តីទីនេះសបញ្ជាក់ឲ្យឃើញថាកម្លាំងអាវុធហត្ថខំប្រឹងបង្ក្រាប ហើយលោកប្រឹងដោះលែងវិញ ឬមួយក៏លោកបានលាភសក្ការ:ពីម្ចាស់ឈើផង? ។
តាមការបង្ហើបឲ្យដឹងថា រថយន្តដឹកឈើខាងលើនេះដឹកជញ្ជូនចេញពីឃុំចំបក់ តំបន់ឧទ្យានជាតិគិរីរម្យឆ្លងកាត់ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ត្រែងត្រយឹង ស្នាក់ការសង្កាត់គិរីវ័ន្តផងដែលសង្ស័យអស់លោកនាយសង្កាត់ទាំង២ និងលោក ចាន់ មុន្នីនាថ បានសើមមាត់សើមកពីម្ចាស់ឈើហើយបានជាលួចដោះលែងស្ងាត់ៗបែបនេះនោះ? ៕ សេនាស័ក្តិ