ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបះជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់១កង់ ក្រឡាប់ផ្ងារជើងឡើងលើ ម្ចាស់រងរបួសបែកក្បាល ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡាពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2 O5185 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កក្រឡប់ផ្ងារជើងឡើងលើខ្ទេចផ្នែកខាងមុខ ខូចខាតយ៉ាងដំណំ ។ រីឯម្ចាស់រថយន្តបានរងរបួសបែកក្បាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាម ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖