ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យកកាំបិតកាប់ទៅលើបុរសម្នាក់ទៀត រងរបួសគួរឲ្យរន្ធត់សង្ស័យរឿងគំនុំ

ចែករំលែក៖

ខេត្តកណ្ដាល៖ សង្ស័យផ្ដើមចេញពីរឿងគំនុំ ធ្វើឲ្យបុរសម្នាក់ ជិះម៉ូតូដោយកាន់កាំបិតនៅនឹងដៃ រួចកាប់ទៅលើបុរសម្នាក់ទៀត ដែលកំពុងអង្គុយលេងជាមួយគូរដណ្ដឹង ចំបន្ទូលក្បាលរងរបួសគួរឲ្យរន្ធត់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៥៨នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនសង្ស័យកាប់ឈ្មោះ ឡាយ សៀកឡា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (របួសធ្ងន់ មានស្នាមមុតចំនួន២កន្លែងចំក្បាលចំនួន១កន្លែង និងចំកខាងស្តាំចំនួន១កន្លែង) ។ ចំណែកជនសង្ស័យឈ្មោះ ដេវ សីហា(ហៅខ្លុក) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាស់គ្នាម្ដងរួចមកហើយ ដោយពុំដឹងមកពីមូលហេតុអ្វីនោះទេ លុះមកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានអង្គុយលេងជាមួយគូរដណ្ដឹងនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានជិះម៉ូតូដោយមានកាន់កាំបិតនៅក្នុងដៃ រួចឈប់ម៉ូតូដើរសំដៅទៅរកជនរងគ្រោះហើយបានកាប់ទៅលើជនរងគ្រោះចំនួន២កន្លែង បណ្ដាលឲ្យត្រូវក និងចំបន្ទួលក្បាលរងរបួសគួរឲ្យរន្ធត់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែក ជនសង្ស័យដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង កសាងសំណុំរឿង ស្រាវជ្រាវ ដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖