ភ្នំពេញ ៖ ស្ត្រីម្នាក់រួមដំណើរជាមួយបងប្អូនបីនាក់ទៀតបានកាន់រូបថតប្អូនស្រីម្នាក់ ដែលមានសតិមិនប្រក្រតីដើររកគ្រប់ទីកន្លែង និងប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្នើសុំឲ្យជួយអន្តរាគមន៍ក្រោយពីបាត់ចេញពីផ្ទះកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ស្ត្រីដែលបាត់ខ្លួនគ្មានដំណឹងខាងលើមានឈ្មោះ ផៃ ស្រីនាង ហៅអ៊ូក អាយុ២៩ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី រស់នៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើតាមបងស្រីឈ្មោះផៃ សុខរី អាយុ៣៤ឆ្នាំ ជាកម្មការិនីរោងចក្រ បានប្រាប់ទាំងទឹកភ្នែកថា ប្អូនស្រីរបស់គាត់ មានសតិមិនប្រក្រតី រស់នៅសព្វថ្ងៃស្ថិតក្រោមការមើលថែពីក្រុមគ្រួសារហើយមុនពេលកើតហេតុ នៅប្អូនរបស់គាត់សម្រាន្តក្នុងផ្ទះជាមួយគ្នា ស្រាប់តែនៅម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី៧ ខែធ្នូ ពេលនាងក្រោកពីដំណេកនឹកស្មានថា ប្អូននាងទៅបត់ជើង បែរជាបើកទ្វារដើរចេញទៅបាត់ ។
ប្រភពដដែលបន្តថា លុះពេលចាំយូរពេក មិនឃើញប្អូនស្រីចូលសម្រាកវិញ រូបគាត់ក៏តាមរកមើល ស្រាប់តែបាត់នាងឈឹងតែម្តង ទើបឆោឡោដើរស្វែងរកទាំងយប់ តែមិនឃើញនោះទេ។ លុះភ្លឺឡើង ក្រុមគ្រួសារដើរស្វែងរកនៅតែមិនឃើញ ទើបកាន់រូបថត ដើរបង្ហាញជាសាធារណៈ ប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ទទូចស្នើសុំអន្តរាគមន៍បើបងប្អូនឃើញសុំជួយឃាត់ទុកឲ្យក្រុមគ្រួសារគាត់ផង ៕ សុខាសែនជ័យ