ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងក្នុងរោងការបង្កទំនាស់ ទាញកែវស្រាគប់គូទំនាស់ ត្រូវអ្នកផ្សេងរបួស សមត្ថកិច្ចឃាត់ខ្លួនយកមកអធិការនគរបាលក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនបន្ទាប់ពីបានផ្ទុះហិង្សាទាញកែវស្រាគប់គូទំនាស់ បណ្តាលឲ្យត្រូវភ្ញៀវដែលចូលរួមពិធីមង្គលការ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​ ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលទាញកែវស្រាគប់គប់គូទំនាស់ក្នុងរោងការនេះ មានឈ្មោះណោម ភា ហៅ ឌ័រ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង​ ។ ចំណែកជនរងគ្រោះមានឈ្មោះ​ចក់ សុភឿន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចូលរួមជាភ្ញៀវពិសាភោចនីអាហារ ក្នុងពិធីមង្គលការ នៅសង្កាត់ខ្សាម នៅពេលដែលកំពុងហូបការ បានផឹកស្រវឹងក៏មានទំនាស់ពាក្យសំដីគ្នាតិចតួចក្នុងនៅក្នុងរោងការនេះ និង ប្រកែកគ្នាខ្លាំងៗ ពេលដែលកំពុងប្រកែកគ្នាស្រាប់តែជនសង្ស័យបានទាញកែវស្រារបស់ខ្លួនចោលទៅគូទំនាស់មួយទំហឹង ប៉ុន្តែ ចៃដន្យមិនត្រូវគូទំនាស់ ក៏ត្រូវជនរងគ្រោះដែលអង្គុយក្នុងរោងការ បណ្តាលឲ្យរងរបួសត្រូវទ្រូង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនផងដែរ ៕ ចន្ថា


ចែករំលែក៖