ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកសំបូរបានឃាត់ខ្លួនបុរសជាព្រូត្រាក់ទ័រភ្ជួរដីចម្ការម្នាក់យកទៅសាកសួរដោយសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្ម បន្ទាប់ពីបុរសជាអ្នកបើកត្រាក់ទ័រម្នាក់ត្រូវបានស្លាប់នៅកណ្តាលដីចម្ការរបស់ក្រុមហ៊ុនដែលកំពុងភ្ជួរដោយមានស្នាមដាច់រយះនៅលើដងខ្លួនជាច្រើនកន្លែង ។
ហេតុការណ៍នេះ បានកើតឡើងនៅព្រឹក ថ្ងៃ សៅរ៍ ១១កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៩ ក្នុងបរិវេណដីចម្ការរបស់ក្រុមហ៊ុនមួយ មានទីតាំងនៅឃុំអូរគ្រៀង ស្រុកសំបូរ។
មន្ត្រីនគរបាល ស្រុកសំបូរ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះឈ្មោះ ឌាន នាង អាយុ២២ឆ្នាំ ជាព្រូរត្រាក់ទ័រ ស្នាក់នៅឃុំអូរគ្រៀង ស្រុកសំបូរ ។ ចំណែកជនរងគ្រោះជាអ្នកបើកបរនិងជាម្ចាស់ត្រាក់ទ័រដែលបានបាត់បង់ជីវិតនោះឈ្មោះ ជ្រន ជាវី អាយុ២៧ឆ្នាំ រស់នៅ ភូមិឃុំជាមួយគ្នា ។
អធិការរងទទួលកិច្ចការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំបូរ លោកណយ ស៊ីថាច បានឲ្យដឹងថា ក្រោយការចុះពិនិត្យលើសាកសពពីក្រុមនគរបាលជំនាញឃើញថា សាកសពរបស់ជនរងគ្រោះមានស្នាមរបួសលើរាងកាយ។ លោកថា ក្រោយសង្ស័យថា ករណីនេះជាអំពើឃាតកម្ម ទើបនគរបាលសម្រេចឃាត់ ខ្លួនបុរសជាព្រូម្នាក់នេះមកធ្វើការសាកសួរ។
បើតាមចម្លើយរបស់ជនសង្ស័យបានប្រាប់មកនគរបាលថា នៅថ្ងៃកើតហេតុពេល កំពុងភ្ជួរដីចម្ការពីរនាក់ជនរងក្រោះស្រាប់តែផាល ភ្ជួររបស់ត្រាក់ទ័របានខូច ។ ពេលនោះជនរងគ្រោះបានចុះទៅរឹតខ្ចៅ និងបានប្រាប់ឲ្យរូបគេបើកត្រាក់ទ័រម្តង ។ លុះពេលខ្លួនឡើងទៅបើក ទំនងជាវ័ធផាលត្រាក់ទ័រត្រូវជនរងគ្រោះមួយទំហឹង ទើបបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត ហើយខ្លួនមិនបានដឹងនោះទេ គឺចេះតែបើកភ្ជួរដីបន្តទៅមុខ រហូតមានអ្នកជិះម៉ូតូមកឃើញជនរងគ្រោះដេកនិងបានស្រែក ប្រាប់ទើបខ្លួនឈប់ត្រាក់ទ័រនិងចុះមកមើល ។
ទោះបីជាបែបណា ក៏ករណីនេះជនសង្ស័យត្រូវបានឃាត់ខ្លួន ដោយលោកអធិការរងបញ្ជាក់ថា នគរបាលបានការសម្រេចឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយជាប់សង្ស័យក្នុងការសន្និដ្ឋានជាជំហានដំបូង ក្នុងករណីអំពើមនុស្សឃាតដោយអចេតនា ហើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យតាមច្បាប់ ៕ ប្រាថ្នា