ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ី ទំនាស់​ពាក្យសម្ដី​ លទ្ធផលចុងក្រោយ ជន​បង្ក​ត្រូវ​ចាប់ខ្លួន​ ឯ​អ្នកចាញ់ដេកពេទ្យ

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ស្រុក​ពួក បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស ចាក់​ដោយ​កូនកាំបិត​ចុង​ស្រួច ខណៈ​មានទំនាស់​ពាក្យសម្ដី​ក្នុង​វង់​ផឹកស៊ី។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ធ្នូ​ ឆ្នាំ២០១៩​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បង្កឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​គោក​ត្រាច ឃុំ​រើ​ល ស្រុក​ពួក ខេត្ត​សៀមរាប ដោយ​ជនសង្ស័យ ឈ្មោះ សារឿន រ៉ា បាន​ផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យសំដី​ជាមួយ​ជនរងគ្រោះ ឈ្មោះ រើ​ន រ៉ាត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ជុំ​គ្នា រហូត​ឈានដល់​ការប្រើ​អំពើ​ហិង្សា ដោយ​ជនរងគ្រោះ ឈ្មោះ រើ​ន រ៉ាត់ បាន​យក​ដំបង​វាយ​លើ​ជនសង្ស័យ ​ឈ្មោះ សារឿន រ៉ា ត្រូវ​១​ដំបង​មុន ហើយ​លោត​ទៅ​ចាប់​ឱប​ត្រូវ ​ឈ្មោះ សារឿន រ៉ា ចាក់​ដោយ​អាវុធ​កូនកាំបិត​កោរ​ ចុង​ស្រួច បណ្ដាល​ឲ្យ​ ឈ្មោះ​រើ​ន រ៉ាត់ រងរបួស​០៣​កន្លែង​ គឺ របួស​មុត​សាច់​ដោះ​ខាងស្ដាំ​០១​កន្លែង មុត​សាច់​ដើមទ្រូង​០១​កន្លែង និង​រយះ​ស្បែក​លើ​ចិញ្ចើម​០១​កន្លែង​(​ស្រាល​) ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ​។ ចំណែក​ជនសង្ស័យ ឈ្មោះ សារឿន រ៉ា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ។

តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច ជនសង្ស័យ​ បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ចេតនា យក​កូនកាំបិត​ចុង​ស្រួច​ចាក់​លើ​ឈ្មោះ ​រើ​ន រ៉ាត់ ឲ្យ​របួស​ពិតមែន។

នៅ​ថ្ងៃ​ទី​០៩​ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ​នេះ ​សមត្ថកិច្ច​ កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប ដើម្បី​អនុវត្ត​តាម​នីតិវិធី​ប​ន្ត ៕ ​ ប៊ុនរិទ្ធី


ចែករំលែក៖