ភ្នំពេញ៖ បុរសម្នាក់ឆ្លៀតពេលទំនេរពីការងារ តរាយខ្សែភ្លើងយកទៅឆក់ត្រីខាងក្រោយផ្ទះ តែភ្លាត់ស្នៀត បែរជាឆ្លងឆក់ខ្លួនឯងរងរបួសធ្ងន់ធ្ងរទៅវិញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅត្រពាំងទឹក ក្រោយផ្ទះក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ មានឈ្មោះ ឌី ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះតរាយខ្សែភ្លើងចេញពីផ្ទះ ជាប់នោះ ចុះទៅក្នុងត្រពាំងទឹក ឆក់ត្រី តែខុសបច្ចេកទេស ភ្លាត់ស្នៀត បែជាឆ្លងឆក់ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានអ្នកក្បែរខាងរត់ទៅផ្តាច់ខ្សែចរន្តភ្លើងចោល នាំគ្នាផ្អើលឆោឡោ លើកជនរងគ្រោះឡើងគោក កប់ដីខ្សាច់ រហូតដឹកតាមរថយន្តផ្ទាល់ខ្លួន យកទៅមន្ទីរពេទ្យ ។
តាមមតិប្រជាពលរដ្ឋបានលើកឡើងថា ជារឿយៗ ករណីនេសាទត្រីដោយប្រើឧបករណ៍ ចរន្តភ្លើងឆក់ត្រី ដែលបង្កគ្រោះថ្នាក់ដល់ខ្លួន ដឹងហើយ ឮ ធ្លាប់ឃើញហើយ ជនរងគ្រោះនៅតឬប្រព្រឹត្តនេសាទត្រី ដោយរូបភាពនេះ បញ្ហាប្រឈមគ្រោះថ្នាក់ដល់ជីវិត ៕ សុខាសែនជ័យ