ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យសាលាឧទ្ធរណ៍ ចេញសេចក្តីប្រកាសព័ត៌មាន សំណុំរឿងជនជាប់ចោទ កឹម សុខា

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យសាលាឧទ្ធរណ៍ នៅថ្ងៃទី៩ ខែធ្នូនេះ ចេញសេចក្តីប្រកាសព័ត៌មានមួយ ជុំវិញសំណុំរឿងជនជាប់ចោទ កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថា សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍នេះនៅថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៩ និង បានសម្រេច ៖

១-បណ្តឹងឧទ្ធរណ៍លើដីកាដំណោះស្រាយ របស់មេធាវីជនជាប់ចោទមិនអាចទទួលយកបានដោយយោងតាមមាត្រា២៤៩ និងមាត្រា២៦៧ និងមាត្រា ៤០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមិនអនុញ្ញាតអោយធ្វើបណ្តឹងឧទ្ធរណ៍ នឹងដីកាដំណោះស្រាយបញ្ជូនជនជាប់ចោទទៅតុលាការជំនុំជម្រះបានឡើយ ។

២-បណ្តឹងឧទ្ធរណ៍ពីការសម្រេចបន្តការដាក់ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ សភាស៊ើបសួរបានបដិសេធចោលដោយមានហេតុផលពាក់ព័ន្ធនឹងបទល្មើសមានលក្ខណៈធ្ងន់ធ្ងរដល់សង្គមជាតិ និងជាពិសេសសម្រាប់ធានាវត្តមាននៃដំណើរការនីតិវិធីបន្ត ដោយយោងលើមាត្រា ២៦៧ កថាខណ្ឌទី៥ និងមាត្រា២៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ សូមជម្រាបជូនសាធារណជនថា ទោះបីជាមានបណ្ដឹងឧបាស្រ័យដូចបានបញ្ជាក់ខាងលើក៏ដោយ តាមផ្លូវច្បាប់ និងនីតិវិធីព្រហ្មទណ្ឌ ពុំមានអានុភាពណាមួយផ្អាក ចំណាត់ការជំនុំជម្រះលើដីកាដំណោះស្រាយបន្ត នៅសាលាដំបូងមានសមត្ថកិច្ចឡើយ ៕ ចេស្តា


ចែករំលែក៖