ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី អ៊ុងសានស៊ូជី ទៅដល់តុលាការទីក្រុងឡាអេ ដោះស្រាយរឿងរ៉ាវជនជាតិរ៉ូហ៊ីងយ៉ា

ចែករំលែក៖

សំណុំរឿងប្រល័យពូជសាសន៍ បានធ្វើឲ្យ​ប្រជាប្រិយភាពរបស់លោកស្រី អ៊ុងសានស៊ូជី ធ្លាក់ចុះយ៉ាងខ្លាំង ។ នៅពេលនេះដែរ​ លោកស្រី ស៊ូជី​បានធ្វើដំណើរទៅកាន់ទីក្រុងឡាអេ តាមការកោះហៅរបស់តុលាការ ដើម្បីបកស្រាយសំណុំរឿង ជនជាតិរ៉ូហ៊ីងយ៉ា ។

នៅរដ្ឋធានីណៃពិដាវ របស់មីយ៉ានម៉ា ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ បានជួបជុំគ្នា លើកបដាស្រែកជ័យឃោស ដើម្បីសម្តែងការគាំទ្រ ដល់លោកស្រី អ៊ុងសាន ស៊ូជី ដែលលោកស្រី នឹងត្រូវចេញដំណើរទៅកាន់ទីក្រុងឡាអេ ដើម្បីចូលរួមសវនាកា តុលាការអន្តរជាតិ។ តុលាការក្រុងឡាអេ នឹងបើកសវនាការ នៅថ្ងៃទី១០ធ្នូ ទៅលើពាក្យបណ្តឹង ដែលគេចោទមីយ៉ាន់ម៉ា ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ធ្វើទៅលើជនជាតិរ៉ូហ៊ីងយ៉ា។

នៅលើបដារបស់ប្រជាជនមីយ៉ាន់ម៉ា មានសរសេរជាអាថទិថា “ពួកយើងគាំទ្រ ថ្នាក់ដឹកនាំយើងជានិច្ច”។ លោក ទិន លីនអ៊ូ អ្នកនិពន្ធមីយ៉ាន់ម៉ាម្នាក់ ដែលមានវត្តមានក្នុងពេលជួបជុំនោះដែរ បានស្រែកក្តែងក្តែង តាមឧឃោសនសព្ទ័ ថា៖ “ប្រជាជនមីយ៉ាន់ម៉ាមានមោទនភាពណាស់ ដែលលោកស្រីអ៊ុងសាន ស៊ូជី ទទួលភារៈកិច្ចការពារ​កិត្តិយសរបស់មីយ៉ាន់ម៉ា នៅមុខតុលាការអន្តរជាតិទីក្រុងឡាអេ”។ ចំណែក លោក វិន ស្វេ ប្រជាជនមីយ៉ាន់ម៉ាម្នាក់រស់នៅក្នុងក្រុងណៃពិដាវ បានប្រាប់អ្នកយកព័ត៌មាន​បារាំង AFP ក្នុងទឹកមុខចងកំហឹង​ថា៖ “គេមិនមែនចោទបុគ្គលណាឲ្យចំទេ តែគឺគេបានចោទប្រជាជនមីយ៉ាន់ម៉ាទាំងមូលតែម្តង”។

សូមបញ្ជាក់ថា ប្រទេសហ្កំប៊ីជាតំណាឲ្យប្រទេសចំនួន​៥៧ នៃក្រុមប្រទេសសហប្រតិបត្តិការអ៊ីស្លាម បានដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេ ដោយបានចោទរដ្ឋាភិបាល និងកងទ័ពមីយ៉ាន់ម៉ា ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ធ្វើទៅលើជនជាតិ​រ៉ូហ៊ីងយ៉ា​។​ លោកស្រីអ៊ុងសាន ស៊ូជី ត្រូវធ្វើដំណើរទៅចូលរួមសវនាកាដើម្បីឆ្លើយ​ការពារ​មីយ៉ាន់ម៉ា ដែលសវនាកានេះ នឹងចាប់ផ្តើមបើកពីថ្ងៃទី១០ ដល់ថ្ងៃទី​១២ធ្នូ។

សូមរំលឹកថា នៅរវាងខែសីហា ឆ្នាំ២០១៧ ជនជាតិរ៉ូហ៊ីងយ៉ា ក្នុងរដ្ឋរ៉ាឃីនភាគខាងលិចមីយ៉ាន់ម៉ា ចំនួនប្រមាណ​៧សែន៤ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់បង់ក្លាដែស បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ា សហការជាមួយកម្លាំងប្រជាជន ចេញប្រតិបត្តិការ​បណ្តេញ​ វាយ ចាប់ចង សម្លាប់ និង ដុតផ្ទះទាំងភូមិៗ។ យ៉ាងហោចណាស់ មានជនជាតិរ៉ូហ៊ីងយ៉ា ១ម៉ឺននាក់ត្រូវបានគេសម្លាប់ក្នុងប្រតិបត្តិការនេះ។ យោងតាមអង្គការសិទ្ធិមនុស្ស និងអ្នកជំនាញនៃអង្គការសហប្រជាជាតិ សកម្មភាពហិង្សា ​រៀបចំដោយកងទ័ពមីយ៉ាន់ម៉ានេះ វាមានទ្រង់ទ្រាយជាការបោសសំអាតពូជសាសន៍ សម្លាប់ ឬបណ្តេញជនជាតិរ៉ូហ៊ីងយ៉ា ដែលជាអ្នកកាន់សាសនាអ៊ីស្លាម ឲ្យអស់ពីដីមីយ៉ាន់ម៉ា។

ដោយឡែកលោកស្រីអ៊ុងសាន ស៊ូជី បានចេញមុខការពាររដ្ឋាភិបាលនិងកងទ័ពមីយ៉ាន់ម៉ា ថាពុំមាន​សកម្មភាពប្រល័យពូជសាសន៍នោះទេ។ គោលជំហរនេះ បានធ្វើឲ្យ​កិត្តិនាម នៃអតីតនិមិត្តរូបអ្នកតស៊ូដើម្បីប្រជាធិបតេយ្យរូបនេះ ធ្លាក់ចុះជាខ្លាំង នៅលើឆាកអន្តរជាតិ។

គួរកត់សំគាល់ផងដែរថា ការជួបជុំគាំទ្រលោកស្រីអ៊ុងសាន ស៊ូជី របស់ប្រជាជនមីយ៉ាន់ម៉ា នៅក្រុងណៃពិដា​វ មុននឹងលោកស្រីធ្វើដំណើរទៅកាន់ទីក្រុងឡាអេនេះ គឺធ្វើឡើងនៅចំពេលដែលលោកស្រី ទទួលជួប លោករដ្ឋមន្ត្រីការបរទេសចិន។ បើតាមការវិភាគ លោកស្រីសង្ឃឹមបញ្ចុះបញ្ចូលចិន ឲ្យបោះឆ្នោតវ៉េតូ កាពារមីយ៉ាន់ម៉ា នៅឯក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្នុងករណីមានគម្រោង​ដាក់ទណ្ឌកម្មណាមួយ លើមីយ៉ាន់ម៉ា។

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំ​របស់មីយ៉ាន់ម៉ា​បានវត្តមាន​នៅតុលាការ​ទីក្រុងឡាអេ ដើម្បីតតាំង​បណ្តឹង​ប្រល័យពូជសាសន៍​​លើសំណុំរឿង​សហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ។ ​

ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រីអ៊ុងសានស៊ូជី ត្រូវបានកំណត់នៅថ្ងៃអង្គារនេះថា នឹងការពារមីយ៉ាន់ម៉ានៅទីក្រុងឡាអេ ប្រឆាំងនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ។ មេដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា នឹងបង្ហាញខ្លួននៅតុលាការយុត្តិធម៌អន្តរជាតិ ការពារ​ទៅនឹងការចោទប្រកាន់ថា មីយ៉ាន់ម៉ាបានព្យាយាមលុបបំបាត់ចោល នូវជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងការបង្ក្រាបរបស់យោធា​កាលពីឆ្នាំ២០១៧នោះ ។

ប្រទេស ហ្គំប៊ី (Gambia)នៅអាហ្រ្វិកខាងលិច បានប្តឹង​ប្រទេសមីយ៉ាន់ម៉ាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ​ទីក្រុងឡាអេ ជុំវិញការបង្ហូរឈាមនេះ ដោយចោទប្រកាន់ប្រទេសមីយ៉ាន់ម៉ាថា បានរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍ ឆ្នាំ ១៩៤៨ ។

លោកស្រី ស៊ូ​ជី បានចេញ​ដំណើរទៅកាន់​ប្រទេស​ហូ​ឡង់​កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ។ លោកស្រី នឹង​ចេញមុខ​ការពារ​ដោយផ្ទាល់​លើ​ការចោទប្រកាន់​ពី​សំណាក់​ប្រទេស ហ្គំ​ប៊ី (Gambia) ដោយ​តំណាង​ឲ្យ​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម (OIC) ដែលប្រព្រឹត្តទៅ​ចាប់ផ្តើម​នៅ​ថ្ងៃទី១០ ខែធ្នូ នេះតទៅ ។ ប្រទេស​តូច​ក្នុង​តំបន់​អាហ្វ្រិក​ភាគ​ខាងលិច ហ្គំប៊ី បាន​ចោទ​ រដ្ឋាភិបាលប្រទេសមី​យ៉ាន់​ម៉ា​ថា បានប្រព្រឹត្តអំពើហិង្សា​ប្រល័យពូជសាសន៍​ ប្រឆាំង​សហគមន៍​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដោយ​ការសម្លាប់​រង្គាល​,​ចាប់រំលោភ និង​ទម្រង់​ផ្សេងទៀត​នៃ​ហិង្សា​ផ្លូវភេទ ក៏ដូចជា ការដុត​បំផ្លាញ​ផ្ទះសម្បែង​របស់​អ្នកភូមិ រ៉ូ​ហ៊ីង​យ៉ា ។ អង្គសវនាការជាប្រវត្តិសាស្ត្រនេះ​ ប្រព្រឹត្តទៅ​រយៈពេល៣ថ្ងៃ​ ។

ការសម្រេចចិត្ត​ទៅ​តតាំង​ក្តី​នៅ​តុលាការ​ឡាអេ របស់លោក​ស្រី ស៊ូ​ជី បង្ក​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង ​ទាំង​អ្នករស់នៅ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា និង​សហគមន៍​អន្តរជាតិ ​​។ ប្រសិនបើ​លទ្ធផល​នៅ​តុលាការ​ឡាអេ មាន​អ្វី​ថ្លោះធ្លោយ​នោះ ផលវិបាក​ធ្ងន់ធ្ងរ​នឹង​ធ្លា​ក់លើ​រូបលោក​ស្រី ដោយ​វា​នឹង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​លោកស្រី​លើ​ឆាក​អន្តរជាតិ​ខ្លាំង​បន្ថែមទៀត ដែល​លោកស្រី​កំពុងតែ​មានឈ្មោះ​មិនសូវ​ល្អ​ផង​នោះ ​។

យោងការចេញផ្សាយរបស់គេហទំព័រ​​ wikipedia​​បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ​២០១៦​រហូតដល់ខែមករា ឆ្នាំ២០១៧ មានអំពើធ្វើទុក្ខបុកម្នេញ​ទៅលើ​ជនជាតិមូស្លីម​រ៉ូហ៊ីងយ៉ា ស្ថិតនៅក្នុងរដ្ឋ រ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា ។ ប៉ូលិស យោធា​ប្រដាប់ដោយអាវុធ​របស់មីយ៉ានម៉ា​បានប្រតិបត្តិការបោសសម្អាត​ជនជាតិភាគតិច​មូស្លីមរ៉ូហ៊ីងយ៉ាបណ្តាលឲ្យស្លាប់​ជាងរាបម៉ឺននាក់ និងបង្ខំឲ្យភៀសខ្លួន​រាប់សែននាក់​ទៅកាន់​ប្រទេស​បង់ក្លាដែស ៕


ចែករំលែក៖