ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្ទះ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ឃាត់ខ្លួនបន្ទាប់ពីពួកគេដាក់កាំបិតតាមខ្លួនដើរលួច និងទុកគំរាមម្ចាស់តាមទាន់ ប៉ុន្តែលួចមិនទាន់បានផងត្រូវជនរងគ្រោះឃើញទាន់ចាប់ខ្លួនតែម្តង ។
យោងតាមប្រភពពីសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះថា សមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(លួចទូរស័ព្ទ) ក្រោយពីធ្វើការសាកសួរបញ្ចប់នីតិវិធី ។
ជនសង្ស័យទាំ២នាក់នេះ ទី១ ;ឈ្មោះ សុខ ភាស់ ភេទប្រុស អាយុ ២៤ឆ្នាំ ។ និងទី២ ឈ្មោះ ថោង រតនា ហៅម៉ាប់ ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកទាំង២ស្នាក់នៅទីកន្លែងនិងមុខរបរមិនពិតប្រាកដ ។
មន្រ្តីជំនាញបន្តថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ១៧១ ផ្លូវលេខ២៨២ កែងផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone 6 ពណ៌ខ្មៅ របស់ប្រជាពលរដ្ឋ ដែលដាក់សាកថ្ម នៅហាងលក់កាហ្វេចំណុចកើតហេតុ តែត្រូវម្ចាស់ទូរស័ព្ទដឹងខ្លួនទាន់ ក៏ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះឃើញក៏ដេញតាមចាប់ពួកគេបានភ្លាមៗ ហើយពួកគេបានយកកាំបិតចុងស្រួចមួយដែលទុកជាប់ខ្លួន បម្រុងចាក់លើប្រជាពលរដ្ឋដែលនៅក្បែរនោះ តែត្រូវបានកម្លាំងល្បាតរបស់កងរាជអាវុធហត្ថខណ្ឌបឹងកេងកង ចុះទៅជួយធ្វើអន្តរាគមន៍ទាន់ពេលក៏ឃាត់ខ្លួនបានទាំង២នាក់តែម្តង ។
យោងតាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង២នាក់ បានប្រាប់ឲ្យដឹងថា កាលអំឡុងឆ្នាំ២០១៥ ពួកគេធ្លាប់ជាប់មណ្ឌលកែប្រែព្រៃស្ពឺ រយៈពេល៦ខែ ដោយសាររូបគេ ហិតកាវ ជារៀងរាល់ថ្ងៃ ។ លុះចេញពីមណ្ឌលមកវិញ ពួកគេទាំង២នាក់ ទាក់ទងដើរជាមួយគ្នា ដើម្បីធ្វើសកម្មភាពលួចសម្ភារមានតម្លៃរបស់ប្រជាពលរដ្ឋជាប្រចាំ និងប្រើប្រាស់គ្រឿងញៀនជាមួយគ្នា រយៈពេល១ឆ្នាំ កន្លងមកហើយ រាល់ពេលចេញធ្វើសកម្មភាពលួច ពួកគេតែងដាក់កាំបិតចុងស្រួចទុកជាប់ខ្លួនរហូត ទុកសម្រាប់គំរាមម្ចាស់របស់(ជនរងគ្រោះ) ពេលណាដែលម្ចាស់តាមទាន់ពួកគេលួចបាន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ស រស្មី