ខេត្តសៀមរាប៖ ផ្ទះចំនួន៣ខ្នងបានរងការឆាបឆេះ ដោយសារតែជនជាតិវៀតណាម ដែលបានជួលផ្ទះគេនៅ ហើយដុតខ្សែភ្លើងបង្កឲ្យមានអគ្គិភ័យកើតឡើង ឆេះទាំងផ្ទះខ្លួនអ្នកជួល និងផ្ទះខ្នង២ទៀត ។
ហេតុការណ៍បានកើតឡើង នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្តាលឲ្យរងការចូខាតផ្ទះចំនួន០៣ខ្នងផ្ទះទី១មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងក្តារ ឆេះអស់ទាំងស្រុង ម្ចាស់ដីឈ្មោះ មិត្ត ចំរើន ភេទប្រុសអាយុ ៣៦ឆ្នាំ បានជួលឲ្យឈ្មោះ យ៉ាង ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិវៀតណាម (គេចខ្លួនបាត់) ។ ផ្ទះទី២មានទំហំ៣ម៉ែត្រគុណនឹង៦ម៉ែត្រធ្វើអំពីឈើប្រក់សង្ក័សីឆេះអស់ទាំងស្រុង ពុំមានម្ចាស់រស់នៅ ។ ផ្ទះទី៣មានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ កម្ពស់២ជាន់ថ្មក្រោម ឈើលើប្រក់ក្បឿង ម្ចាស់ផ្ទះឈ្មោះ ស៊ាង ហុកសាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខ របរនៅផ្ទះ ខូចខាតដំបូលពីដាន និងជញ្ជាំង៣០ភាគរយ ។
សមត្ថកិច្ចបន្តថា ក្នុងការពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៨គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសៀមរាបចំនួន១គ្រឿង រថយន្តកងរាជវុធហត្ថ៣គ្រឿង រថយន្តពន្លត់អគ្គិភ័យអប្សារាចំនួន២គ្រឿងទើបរលត់ជាស្ថាពរនៅវេលាម៉ោង ១៦និង៣០នាទីថ្ងៃដដែល ។
សមត្ថកិច្ចបន្តទៀតថាករណីអគ្គិភ័យឆេះនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។ បញ្ហាប្រឈមផ្លូវតូចចង្អៀតធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យពិបាកក្នុងការជួយសង្គ្រោះ ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារជនជាតិវៀតណាមឈ្មោះយ៉ាង ជួលផ្ទះនោះបានដុតខ្សែភ្លើង នោះមានមុខរបរខាងអេតចាយ ៕ ប៊ុនរិទ្ធី