ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានសំណង់យីហោ GIA TOWER ក្នុងទីក្រុងកោះពេជ្រ ត្រូវអគ្គិភ័យឆាបឆេះនៅជាន់ទី១៩

ចែករំលែក៖

ភ្នំពេញ ៖ កម្មករផ្សាដែកនៅសំណង់អគារការដ្ឋានសំណង់យីហោ GIA TOWER ក្នុងផ្សាដែកនៅជាន់ទី១៩ ស្រាប់តែប៉ុសផ្សាដែកបានឆ្លងចរន្តអគ្គិសនីបង្កជាអណ្ដាតភ្លើងបង្កឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់កម្មករនិងកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅចំណុចអគារការដ្ឋានសំណង់យីហោ GARDEN IN THE AIR TOWER (GIA TOWER) ជាន់ទី១៩ ក្នុងបរិវេណមជ្ឍមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកម្មករដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមកម្មករសំណង់ ភាគច្រើនដែលធ្វើការសំណង់នៅក្នុងការដ្ឋានសំណង់ GIA TOWERខាងលើនេះ ដល់ម៉ោងសម្រាកហូបបាយថ្ងៃត្រង់ ពេលនោះក៏មានជាងផ្សាដែកមួយក្រុមបាននាំគ្នានៅធ្វើការងារផ្សាដែកបន្តនៅជាន់ទី១៩ ខាងក្នុងការដ្ឋានលើ ។ ខណៈដែលជាងកំពុងតែផ្សាដែក ស្រាប់តែប៉ុសផ្សារនោះបានឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះខ្សែភ្លើង និងក្តារកុងប្លាកេដែលគេគរទុកនៅខាងក្រោមយ៉ាងសន្ធោសន្ធៅ និងមានផ្សែងខ្មៅហុយឃ្មួញខ្មាញ់តែម្តង ។

តាមប្រភពដដែលបានប្រាប់បន្តថា នៅពេលដែលភ្លើងកំពុងតែឆេះខ្សែភ្លើង និងក្តារកុងប្លាកេនោះ ក្រុមជាង និងក្រុមកម្មករសំណង់ក៏បាននាំគ្នារត់ស្រវ៉ាទៅយកបំពង់ពន្លត់អគ្គិភ័យ និងទឹកទៅធ្វើការបាញ់ពន្លត់ផងដែរ ។ ភ្លាមៗនោះដែរក៏បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមកម្មករសំណង់ និងជាងនាំគ្នារត់ចេញមកខាងក្រៅការដ្ឋាន ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ព្រមទាំងហៅរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងចុះមកចាំជួយធ្វើអន្តរាគមន៍ផងដែរ តែភ្លើងក៏ត្រូវបានគេពន្លត់ឱ្យរលត់ទៅវិញ ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យឡើយ ។

តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះគឺដោយសារតែឆ្លងចរន្តអគ្គិសនីចេញពីប៉ុសផ្សាដែក ដោយភ្លើងបានឆេះបំផ្លាញក្តារកុងប្លាកេអស់ចំនួន៣សន្លឹក ប៉ុសផ្សាដែកចំនួន១គ្រឿង និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ជាច្រើនបំពង់ ។ ចំណែករថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរុបទាំងអស់មានចំនួន៤គ្រឿង ប៉ុន្តែមិនបានបាញ់ពន្លត់នោះទេ ៕ស រស្មី


ចែករំលែក៖