ភ្នំពេញ៖ យុវជនម្នាក់ បានអះអាងថាខ្លួនមិនមានបទល្មើសអ្វីនោះទេ ស្រាប់តែត្រូវមន្រ្តីនគរបាលមួយក្រុមពាក់មួកសុវត្ថិភាព មកចាប់វាយខ្នោះខ្លួនទាំងថ្ងៃ ហើយពេលក្រុមអ្នកសារព័ត៍មានចុះទៅថតផ្តិតយករូបភាព ត្រូវមន្រ្តីនគរបាលជើងខ្លាំងម្នាក់មកសម្លុតគំរាមអ្នកសារព័ត៌មាន មិនឲ្យថតសកម្មភាពនោះជាដាច់ខាត និងគំរាមបំបិទសិទ្ធិសេរីភាពសារព័ត៌មានកម្ពុជា ដែលកំពុងបំពេញការងាររបស់ខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសាធារណៈ ស្ថិតក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែរក្រុមអ្នកសារព័ត៌មាន បានចុះយកផ្ទាល់ពាក់ព័ន្ធយុវជនម្នាក់ បានអះអាងថាខ្លួនមិនមានបទល្មើសអ្វីនោះទេ ស្រាប់តែត្រូវមន្រ្តីនគរបាលមួយក្រុមពាក់មួកសុវត្ថិភាព មកចាប់វាយខ្នោះគាត់តែម្តង ដោយក្នុងហេតុការណ៍នោះ មានមន្រ្តីនគរបាលជើងខ្លាំងម្នាក់ បានចេញមកសម្លុតគំរាមមិនឲ្យអ្នកយកព័ត៌មានផ្ដិតយករូបភាព ថែមទាំងអះអាងសុំដីកាតុលារ មកចាប់ខ្លួនអ្នកសារព័ត៌មាន ដែលកំពុងយកព័ត៌មានផងដែរ ។
គួរបញ្ជាក់ថា មន្រ្តីនគរបាលជើងខ្លាំងរូបនេះ ចំពោះសកម្មភាពចុះមកក្នុងមូលដ្ឋាននេះ ដោយមិនមានការសហការជាមួយអាជ្ញាធរមូលដ្ឋាននោះទេ ។ ពេលសួរអាជ្ញាធរមូលដ្ឋានក៏គាត់ឆ្លើយថាមិនបានប្រាប់ដំណឹងអ្វីទាល់តែសោះ ។
ចុងក្រោយមតិមហាជន និងអ្នកសារព័ត៌មានជាច្រើន មិនពេញចិត្តនឹងទង្វើរបស់មន្រ្តីជើងខ្លាំងរូបនេះ ដែលពូកែខាងយកអំណាចរបស់ខ្លួនមកសម្លុតគំរាមក្រុមអ្នកសារព័ត៌មាន ដែលកំពុងតែបំពេញវិជ្ជាជីវៈជូនដល់សាធារណៈជនបានទស្សនាផងដែរ ។ ដោយពួកគាត់សំណើសុំដល់ស្ថាប័នច្បាប់ មេត្ដាចាត់វិធានការចំពោះបុគ្គលមន្រ្តីនគរបាលរូបនេះ ទៅតាមផ្លូវច្បាប់ជាធរមាន ៕ស តារា