ខេត្តស្វាយរៀង៖ ស្រ្តីពីរនាក់បងប្អូន និងកូនអំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍រកយុត្តិធម៌ក្នុងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរយៈពេល១៨ឆ្នាំមកហើយ និងត្រូវតុលាការសាលាដំបូងខេត្តស្វាយរៀងចុះអនុវត្តសាលដីការបស់តុលាការកំពូលក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ០៧ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០២ របស់សាលាដំបូងខេត្តស្វាយរៀង និងតាមសាលដីកាតុលាការកំពូលដោយចុះរុះរើផ្ទះនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២ និង០០នាទីរសៀល ស្ថិតក្នុងភូមិកៀនសាំង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។
លិខិតជូនដំណឹងរបស់លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយ រៀងជម្រាបមកលោក ហ៊ ហាន អាយុ៤៤ឆ្នាំ ភេទប្រុស មានទីលំនៅភូមិកៀនសាំង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង (ជាកូនបំណុល) ដ្បិតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និ០០នាទីរសៀល យើងដឹកនាំក្រុមអ្នកអនុវត្តសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ចុះអនុវត្តសាលដីកា លេខ៥២០ចុះថ្ងៃទី២៤ខែធ្នូ២០០៧របស់សាលាកំពូលដោយចុះរុះរើផ្ទះចេញពីភូមិដែលមានទំហំ១១៨១ម៉ែត្រការ៉េមានបណ្ណ័សម្គាល់សិទ្ធិលេខA១:១២៨១ចុះថ្ងៃ០២ខែមេសាឆ្នាំ១៩៩៣ស្ថិតនៅភូមិកៀនសាំងសង្កាត់ ស្វាយរៀងក្រុង ស្វាយរៀងឲ្យទៅឈ្មោះ តន់វឌ្ឍនៈ(ជាម្ចាស់បំណុល)គ្រប់គ្រងតាមអំណាចសាលដីកាខាងលើដោយអយុត្តិធម៌ ។
បើតាមស្រ្តីរងគ្រោះឈ្មោះ តន់ ថាវរីអាយុ៤៩ឆ្នាំ ដែលជាប្រពន្ធរបស់ឈ្មោះ ហ៊ ហាន បានរៀបរាប់ថា ដីលំនៅឋានដែលរូបគាត់រស់នៅសព្វថ្ងៃ ពីឆ្នាំ១៩៧៩បងស្រីឈ្មោះ តន់សំអ៊ាត អាយុ៦៥ឆ្នាំបានមករស់នៅលើដីទំហំ៤០ម៉ែត្រX៤០ម៉ែត្រនេះ រហូតដល់ឆ្នាំ១៩៨៨ ហើយរូបគាត់ តន់ថាវរី បានរៀបការជាមួយប្តីឈ្មោះ ហ៊ហាន និងដោយគ្មានដីសង់ផ្ទះរស់នៅបងស្រីឈ្មោះ តន់សំអ៊ាត ក៏បានឲ្យមកសង់ផ្ទះរស់នៅចាប់តាំងពីឆ្នាំ១៩៨៨រហូតដល់បច្ចុប្បន្ន ចំណែកបងស្រីក៏បានទៅរស់នៅតាមប្តីទៅធ្វើការជាមន្ត្រីរាជការនៅភ្នំពេញរហូតបច្ចុប្បន្នដែរ ។ ចំណែកប្តីរបស់គាត់ឈ្មោះ ហ៊ហានបានស្លាប់នៅថ្ងៃទី២៩ វិច្ឆិកា ២០១៥ ទុកឲ្យគាត់រស់នៅជាស្រ្តីមេម៉ាយថែកូន២នាក់ ដោយប្រកបមុខរបរដើរទិញអេតចាយរកព្រឹកខ្វះល្ងាច ។ លុះឆ្នាំ២០០២ មានឈ្មោះ តន់វឌ្ឍនៈ ភេទប្រុស អយុ១៩ឆ្នាំ បានផ្ទេរសិទ្ធិទៅឲ្យឈ្មោះ ងិនសារី នៅភូមិកៀនសាំងដាក់ពាក្យបណ្តឹងទៅតុលាការខេត្តស្វាយរៀងថា ជាដីរបស់ឳពុកគេឈ្មោះ តន់ភឿន និងម្តាយឈ្មោះ ងិនចន្ថា(ស្លាប់) ដោយចោទថាឈ្មោះ ហ៊ហាន និងប្រពន្ធឈ្មោះ តន់ថាវរី សុំដីឳពុកខ្លួនរស់នៅ ហើយបានយកបណ្ណ័សម្គាល់សិទ្ធិកាន់កាប់ដីធ្លីលេខអា ១.១២៨១ ចុះថ្ងៃទី០២ ខែ០៤ ឆ្នាំ១៩៩៣ ចុះហត្ថលេខាដោយលោក សោម សន ប្រធានការិយាល័យសុរិយោដីខេត្តស្វាយរៀង និងលោក រស់ឆាយប្រធានគណកម្មការប្រជាជនស្រុកស្វាយរៀង ។
កំណត់ហេតុអង្កេតដីរបស់ឈ្មោះ តន់ភឿន និងប្រពន្ធឈ្មោះ ងិនចន្ថា នៅភូមិទី៦ (បច្ចុប្បន្នភូមិកៀនសាំង)ឃុំលេខ១ (បច្ចុប្បន្នសង្កាត់ ស្វាយរៀង)ស្រុកទីរួមខេត្ត(ក្រុង ស្វាយរៀង)ខេត្តស្វាយរៀងប្រភេទដីភូមិទំហំ០០ហិកតា១៥អា៥៤សង្ទីអា ទ្រព្យរួមប្តីប្រពន្ធ ។
ព្រំប្រទល់ខាងជើងទល់ និងប្រឡាយ ខាងត្បូងទល់ និងពេជ វណ្ណា ខាងលិចទល់ និងផ្លូវដើរខាងកើតទល់ និងគាតវីរៈ ។ ទំហំដីស្នើប្រមាណ០០ហិកតា០៦អា៦៨សង្ទីអាចំណុចទីតាំងដីផ្លូវចេញពីខាងលិចស្ថានីអនាម័យចម្ងាយ១៥៨ម៉ែត្រ ។ ចំណែកទីតាំងដីដែលជនរងគ្រោះរស់នៅសព្វថ្ងៃនៅខាងលិចប្លង់នៃបណ្ណ័សម្គាល់សិទ្ធិលេខអា១.១២៨១នេះចម្ងាយប្រមាណ៦០០ម៉ែត្រឯណោះដែលមានព្រំប្រទល់ខាជើងទល់ និងប្រឡាយខាងត្បូងទល់ និងប៉ុលសារិតខាងលិចទល់ និងផ្លូវថ្នល់មកពីរង្វង់មូលរូបគោខាងកើតទល់ និង និងមីសារុតដែលមានទំហំ៤០ម៉ែត្រX៤០ម៉ែត្រ ។ បានន័យថាបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីដែលឈ្មោះ តន់វឌ្ឍនៈដាក់មកប្តឹងទាមទានោះគឺខុសគ្នា៦០០ម៉ែត្រ ។
ទាក់ទិនករណីនេះដែរលោក ម៉មមាសប្រធានភូមិបាលស្រុកស្វាយរៀងបានបញ្ជាក់ថា ចំពោះបណ្ណ័សម្គាល់សិទ្ធិលេខA1.1281ដែលភាគីឈ្មោះ តន់វឌ្ឍនៈយកមកដាក់សំអាងនោះពុំមែនជាប្លង់ដីដែលឈ្មោះ ហ៊ហាន និងប្រពន្ធឈ្មោះ តន់ថាវរីរស់នៅសព្វថ្ងៃទេ ហើយបើតាមអាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋរស់នៅភូមិកៀនសាំងបានឲ្យដឹងថា ការពិតដីក្នុងទីតាំងបណ្ណ័សម្គាល់សិទ្ធិលេខ១អា.១២៨១ទំហំ០៦អា៦៨សង្ទីអានោះគឺបានលក់ឲ្យម្ចាស់ថ្មីកាន់កាប់ហើយប្រជាពលរដ្ឋ៤០គ្រួសារបានផ្ដិតមេដៃសុំឲ្យតុលាការចុះអង្កេតស្រាវជ្រាវរកយុត្តិធម៌ឲ្យជនរងគ្រោះផងដែរ ។ ដូច្នេះជនរងគ្រោះសូមអំពាវនាវសុំឲ្យសម្តេចតេជា ហ៊ុន សែន មេត្តាជួយអន្តរាគមន៏រកយុត្តិធម៌ដោយអនុគ្រោះ ។
សូមបញ្ជាក់ថា ស្រ្តីរងគ្រោះជាស្រីម៉េមាយក្រីក្ររស់នៅក្នុងខ្ទមតូចមួយគ្មានដីណាក្រៅពីដីភូមិរស់នៅសព្វថ្ងៃនេះឡើយ ។
ពាក់ពន្ធ័ករណីខាងលើនេះ អ្នកសារព័ត៍មានមិនអាចសុំការបំភ្លឺភាគីជាដើមបណ្ដឹងបាននោះទេ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។
រហូតមកដល់វេលាម៉ោងម៉ោង៣និង៣០នាទីរសៀល ថ្ងៃដដែល ការចុះអនុវត្តសាលដីកាចុះរុះរើផ្ទះស្ត្រីលក់អេតចាយត្រូវបានផ្អាក ដោយគ្មានការចូលរួមពីអាជ្ញាធរក្រុង ស្វាយរៀង និងសមត្ថកិច្ចសុរិយោដីដែលពាក់ពន្ធ័ផងដែរ ៕ យឹម សុថាន