ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៤គ្រឿងបុកតកន្ទុយគ្នារងការខូចខាត

ចែករំលែក៖

ភ្នំពេញ : រថយន្តចំនួន៤គ្រឿងបុករុញតគ្នា បណ្តាលឱ្យរថយន្តនៅកណ្តាលគេទទួលរងខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ ខណ:ដែលរថយន្តបើកជាបន្តបន្ទាប់ ក្នុងស្ថានភាពដងផ្លូវកំពុងកកស្ទះ រថយន្តទាំង៤គ្រឿងខាងលើបើកលើផ្លូវជាតិលេខ៣ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ​ ស្រាប់តែរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ​ ឃ្លប់ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ3A-2223 លឿនជ្រុលទៅបុករុញរថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-5937 ហើយរុញទៅបុកផ្ទប់រថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AI-7509 ហើយរុញទៅបុករថយន្តកូរ៉េដឹកទំនិញ២,៥តោន ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលឱ្យរថយន្តព្រុសបែកកំពិត ខ្ទេចផ្នែកខាងក្រោយ ហើយក្រោយកើតហេតុ នៅសល់តែរថយន្ត៣គ្រឿងនៅកន្លែង រីឯរថយន្តខាងមុខគេខូចខាតតិចតួច បានបន្តដំណើរទៅបាត់ ។

ក្រោយកើតហេតុដោយរថយន្តមួយគ្រឿងខូចខាតធ្ងន់ សមត្ថកិច្ចចុះទៅពិនិត្យវាស់វែងរួចប្រមូលយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖