ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបនាយកកិច្ចសហប្រតិបត្តិការយោធាបារាំង

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ កុលកុំបេត រ៉េហ្ស៊ី (Colcombet Regis) នាយក នាយកដ្ឋានកិច្ចសហប្រតិបត្តិការទ្វេភាគីខាងត្បូង អគ្គនាយកដ្ឋានទាក់ទងអន្តរជាតិយោធានៃអគ្គសេនាធិការចម្រុះកងទ័ពបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ទោ កុលកុំបេត រ៉េហ្ស៊ី និងប្រតិភូ ដោយបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជានាំមកនូវការពង្រឹងពង្រីកបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ បារាំង-កម្ពុជា។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពបារាំង ដែលជានិច្ចជាកាលតែងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ដល់កងយោធពលខេមរភូមិន្ទ។ តាមការកត់សម្គាល់របស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ កន្លងមកនេះកងទ័ពបារាំងបានជួយដល់កងយោធពលខេមរភូមិន្ទលើច្រើនផ្នែក ក្នុងនោះរួមមាន បណ្ដុះបណ្ដាលខាងផ្នែកច្បាប់ដល់កងរាជអាវុធហត្ថ ការជួយបណ្ដុះបណ្ដាលមុខជំនាញដល់កងកម្លាំងទៅបំពេញភារកិច្ចថែរក្សាសន្តិភាពនៅអង្គការសហប្រជាជាតិ ការជួយបណ្តុះបណ្តាលដល់នាយទាហានសកម្ម(ត្មាតពង)និងការជួយបណ្តុះបណ្តាលផ្នែកភាសាបារាំងជាដើម។

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ កុលកុំបេត រ៉េហ្ស៊ី បានវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនងដ៏ល្អដែលបារាំង និងកម្ពុជា ធ្លាប់មានជាមួយគ្នា ហើយលោកឧត្តមសេនីយ៏ថានឹងខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងទទួលបានផ្លែផ្កា។ លោកឧត្តមសេនីយ៍ទោ កុលកុំបេត រ៉េហ្ស៊ី បានកោតសរសើរដល់កងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ថាបានបំពេញភារកិច្ចប្រកបដោយសមត្ថភាព ហើយមកដល់បច្ចុប្បន្ននេះកម្ពុជាបានក្លាយជាប្រទេសមួយ ដែលបានរួមចំណែកយ៉ាងធំធេង នៅក្នុងការបញ្ជូនកងកម្លាំង និងអ្នកជំនាញបច្ចេកទេសទៅចូលរួមបេសកកម្មរក្សាសន្ដិភាពនៅបណ្ដាប្រទេសជាច្រើន។ ជាមួយនោះដែរ លោកឧត្តមសេនីយ៍ ប្រធានប្រតិភូក៏បានលើកសរសើរដល់ប្រទេសកម្ពុជាដែលមានចំនួនអ្នកប្រើប្រាស់ភាសាបារាំងច្រើន ដោយលោកឧត្តមសេនីយ៍ បានសន្យាថានឹងជួយលើផ្នែកបណ្តុះបណ្តាលភាសានេះបន្តទៀត៕


ចែករំលែក៖