ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក សុខ លូ បិទភ្នែកឲ្យ យ៉ាន់ វិសាក់ និងហួន ផល បំផ្លាញទឹកចិត្តពលរដ្ឋ តាមរយៈការកសាងបទល្មើសជលផល

ចែករំលែក៖

រហូតមកដល់ពេលនេះ បើទោះបីជាបទល្មើសនេសាទកំពុងកើតមានពេញផ្ទៃបឹង ទន្លេសាប ក្នុងខេត្តកំពង់ធំយ៉ាងណាក៏ដោយ ក៏គេមិនឃើញលោក សុខ លូ អភិបាល ខេត្តកំពង់ធំមានប្រតិកម្មនោះដែរ។ ការស្ងៀមស្ងាត់នេះ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់ បឹងទន្លេសាបយល់ថា លោកអភិបាលខេត្តបានលិឍជាមួយក្រុមមន្រ្តីជលផលប្រចាំ តំបន់ដូចជាលោក យ៉ាន់ វិសាក់ ហៅសែ និងលោក ហួន ផល ជាដើម។

ជាមួយគ្នានេះលោកអគ្គនាយករដ្ឋបាលជលផល ក៏ស្ងៀមឈឹងបណ្តោយឲ្យបទ ល្មើសនេសាទកើតឡើងព្រោងព្រាត។ ដោយសារបទល្មើសនេសាទគ្រប់ទីកន្លែងនោះ ហើយ ទើបឆ្នាំនេះគេមិនរំពឹងថាផលត្រីបានច្រើនសម្រាប់ធ្វើប្រហុកផ្អកនោះឡើយ។ បើទោះបីជាដឹងយ៉ាងនេះក៏ដោយ លោក សុខ លូ និងប្រធានមន្ទីរកសិកម្មខេត្ត កំពង់ធំ នៅតែធ្វើមិនដឹងមិនឮដដែល។ ទាំងលោក សុខ លូ និងលោក ប៉ែន វណ្ណារិទ្ធ ត្រូវប្រជាពលរដ្ឋអះអាងថា ជាអ្នកដែលបានទទួលលាភសក្ការៈពីមន្រ្តីជលផលពីរនាក់ ខាងលើនោះហើយ ទើបបានជាស្ងាត់ស្ងៀមយ៉ាងនេះ។ បើនិយាយពីបទល្មើស គឺច្រើនស្អេកស្កះ ដែលគេអាចមើលដោយភ្នែកទទេឃើញ។ យ៉ាងនេះក៏ដោយលោក អភិបាលខេត្តកំពង់ធំ ធ្វើជាមិនដឹងមិនឮ ដោយបណ្តាោយឲ្យបុគ្គលពីរនាក់ខាងលើជា មន្រ្តីជលផលធ្វើអ្វីៗតាមអំពើចិត្ត។

ខេត្តកំពង់ធំបទល្មើសនេសាទពេញផ្ទៃទឹក ដែលក្រុមមន្រ្តីជលផលជាអ្នកបិទ ភ្នែក បើកដៃឲ្យអ្នកនេសាទល្មើសច្បាប់ប្រព្រឹត្ត។ តំបន់បឹងទន្លេសាបដែលល្បីល្បាញ ខាងត្រីច្រើនដូចជានៅផាត់សណ្តាយ និងពាមបាងជាដើម ពេលនេះពោរពេញទៅ ដោយបទល្មើសនេសាទយ៉ាងច្រើនស្អេកស្កះ។ គេរាយការណ៍ថា ឧបករណ៍នេសាទ ល្មើសច្បាប់ពេញផ្ទៃទឹកនៅតំបន់ផាត់សណ្តាយ ក្រោមអំណាចចាត់ចែងរបស់លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ។ រីឯនៅតំបន់ពាម បាង បទល្មើសនេសាទក៏ច្រើនស្អេកស្កះដូចគ្នានេះដែរ។ ពាមបាងស្ថិតនៅក្រោម អំណាចចាត់ចែងរបស់លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង។ បើ មិនផ្តល់ប្រាក់ឲ្យពួកមន្រ្តីជលផល ហួន ផល ឬ យ៉ាន់ វិសាក់ ហៅសែ ជាស្តេចត្រាញ់ នៃការកសាងបទល្មើសនៅតំបន់បឹងទន្លេសាបទេនោះ ពួកឈ្មួញមិនអាចប្រព្រឹត្តបទ ល្មើសជាចំហដូចសព្វថ្ងៃនេះបានឡើយ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ លែងមាត់កទៅហើយរឿងបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបនាពេលនេះ ដោយរង់ចាំប្រតិកម្ម និងបទបញ្ជាពីសម្តេចក្រឡា ហោម ឧបនាយករដ្ឋមន្រ្តី។ បើគ្មានបទបញ្ជាពីសម្តេចឧបនាយករដ្ឋមន្រ្តី លោក សុខ លូ មិនចុះបង្ក្រាបបទល្មើសនេសាទទាំងនោះឡើយ។ មានន័យថា ទាល់តែមានបទ បញ្ជា ឬការណែនាំ ទើបលោក សុខ លូ ចាត់វិធានការ។ រីឯប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលមានជំនាញខាងជលផល ក៏ជាអ្នកដឹងយ៉ាង ច្បាស់អំពីបញ្ហាផលប្រយោជន៍ ដែលបានមកពីបទល្មើសនេសាទនេះដែរ។ ដូច្នេះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មមានតែបន្តធ្វើមិនដឹងមិនឮ ពីព្រោះលោក ហួន ផល និងលោក យ៉ាន់ វិសាក់ ហៅសែ បានផ្តល់លាភសក្ការៈឲ្យច្រើនសន្ធឹកសន្ធាប់ ដែរ។ គេមិនដឹងថា លោក សុខ លូ អភិបាលខេត្តកំពង់បានប្រយោជន៍កម្រិតណាពី បទល្មើសនេសាទ ដែលកាងដោយលោក ហួន ផល និងលោក យ៉ាន់ វិសាក់ ហៅសែ នោះទេ៕


ចែករំលែក៖