ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សម្រេចធ្វើអត្តឃាតផឹកថ្នាំសម្លាប់សត្វល្អិតសម្លាប់ខ្លួនឯង ដោយសារជំងឺប្រចាំកាយមើលមិនជា

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់សម្រេចធ្វើអត្តឃាតផឹកថ្នាំសម្លាប់សត្វល្អិត សម្លាប់ខ្លួនឯងកាលពីថ្ងៃទី10 ខែធ្នូ ឆ្នាំ 2019 វេលាម៉ោង 20 និង 20 នាទី នៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អុី សាធ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបញ្ជាក់ដំណើររឿងថា ជនរងគ្រោះ បានត្រឡប់ពីផឹកស្រា មកដល់ផ្ទះបានយកថ្នាំពុលប្រភេទបាញ់សម្លាប់ សត្វល្អិត ផឹកសម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួន រួចត្រូវបាន កូនបង្កើត ឈ្មោះ សាតវង្សា ភេទប្រុស អាយុ10 ឆ្នាំ បានឃើញ ក៏ប្រាប់ម្ដាយឲ្យ ជូនទៅពេទ្យ ហើយបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរ ពេទ្យភ្នំពេញ រួចក៏ត្រូវបានត្រឡប់មកផ្ទះវិញ ។

តាមការបំភ្លឺរបស់ប្រពន្ធសព ឈ្មោះ ចៀន ទូច បានរៀបរាប់ថា ប្ដីរបស់ខ្លួនមានជំងឺប្រចាំកាយ ដំបៅក្រពះ រលាកសួត មិនអាចព្យាបាលជា ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងប៉ុស្តិ៍អូរកន្ធរ បានចុះដល់កន្លែងកើតហេតុដើម្បី ពិនិត្យសពការពិនិត្យលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់ សម្គាល់ឡើយ ។

ការសន្និដ្ឋានស្លាប់ដោយសារផឹកថ្នាំសម្លាប់សត្វល្អិត ។ មូលហេតុ ដោយមានជំងឺប្រចាំកាយរ៉ាំរ៉ៃព្យាបាលមិនជា ។

ក្រោយពីសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖