ខេត្តស្ទឹងត្រែង៖ រថយន្តសាំយ៉ុងដឹកទ្វារកែច្នៃគ្មានច្បាប់អនុញ្ញាត ចេញពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្តស្ទឹងត្រែង ត្រូវកម្លាំងអាវុធហត្ថខេត្តដេញប្រផាប់ចាប់ប្រភីង ភ័យខ្លាចរត់គេចចូលច្រកផ្ទះសំណាក់ ហីហោ (លីហួរ) ត្រូវបានបង្ក្រាប និងរឹបអូសបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
រថយន្តសាំយ៉ុងដឹកឈឺទ្វារបង្អួចកែឆ្នៃខុសច្បាប់ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់លីហួរ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា រថយន្ត សាំយ៉ុងដឹកឈើខាងលើដែលអាវុធហត្ថបង្ក្រាប ជាប្រភេទរថយន្តសាំយ៉ុងដឹកអ្នកដំណើរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2k 7570 ដឹកទ្វារពេញ ចេញពីស្រុកសៀមប៉ាង ឆ្លងកាត់តាមផ្លូវជាតិលេខ ៧ មកដល់ចំណុចជិតស្ពានសេកុង ក៏ត្រូវបានកម្លាំងអាវុធហត្ថ ឃើញសង្ស័យបានប្រមាញ់ដេញពីក្រោយឲ្យឈប់ ហើយក៏កាន់តែលឿនឡើងៗមិនព្រមឈប់ ក្រោយមកបានរត់គេចចូលទៅច្រកក្នុងផ្ទះសំណាក់(លីហួរ)តែម្តង ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយការបង្ក្រាប កម្លាំងអាវុធហត្ថបានឃាត់មនុស្ស ២នាក់ ថា ជាអ្នកលើកឈើ ។ ចំណែកតៃកុង ត្រូវបានពួកគេឆ្លើថា រត់គេចបាត់ទៅហើយ រីឯគេគ្រាន់តែជាអ្នកស៊ីឈ្នួលលើកឈើតែប៉ុណ្ណោះ ។
លោកថា ក្រោយការបង្ក្រាបរថយន្តដឹកឈើ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តភ្លាមៗ ដើម្បីធ្វើកំណត់ហេតុប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្ត ។
បច្ចុប្បន្ន រថយន្តដឹកឈើ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើខេត្តដឹកជញ្ជូនឈើយកទៅរក្សាទុក នៅផ្ទះខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការទៅតាមច្បាប់ ៕ មាស សុផាត