ភ្នំពេញ៖ ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំខ្លួនអ្នកសារព័ត៌មានមួយរូបនៅស្ថាប័ន TNB TV News Brand ទៅពិនិត្យទឹកនោមរកសារធាតុញៀន ខណៈអ្នកសារព័ត៌មានរូបនេះ កំពុងបំពេញវិជ្ជាជីវៈរបស់ខ្លួន តាមដងផ្លូវសាធារណៈ ។ ប៉ុន្តែក្រោយការពិនិត្យ រកមិនឃើញ ប៉ូលិសបានធ្វើកំណត់ហេតុ រួចអនុញ្ញាតឲ្យអ្នកសារព័ត៌មានរូបនេះ ត្រឡប់មកវិញ ។
ករណីនេះ កើតឡើងកាលពីវេលាម៉ោងជាង៩ យប់ថ្ងៃទី១១ ខែធ្នូ នៅចំណុចផ្លូវបំបែកជា៤ តូបB19 ម្ដុំផ្សារតូច ផ្លូវទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ជួន ប៊ុនរឿន អគ្គនាយកសារព័ត៌មាន TNB ថ្លែងប្រាប់ នៅថ្ងៃទី១២ ខែធ្នូ នេះ ថា ភ្នាក់ងាររបស់លោក គឺ ឈ្មោះ តាត ចាន់រុន បានជិះទៅយកព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ ។ ប៉ុន្តែពេលធ្វើដំណើរតាមផ្លូវ ក៏ប្រទះឃើញមានការប្រតាយប្រតប់គ្នា រវាងប៉ូលិសស្លៀកពាក់មួយក្រុមជាមួយយុវជន៣នាក់ ។
ខណៈនោះ ភ្នាក់ងាររបស់លោក បានឈប់ម៉ូតូទាញទូរស័ព្ទថតរូបភាព ក៏ស្រាប់តែប៉ូលិសមួយក្រុមនេះ បានហាមឃាត់ បើទោះបីជាភ្នាក់ងាររបស់លោកបានបង្ហាញកាតអ្នកសារព័ត៌មាន យ៉ាងណាក៏ដោយ ។
លោក ជួន ប៊ុនរឿន បន្តថា ក្រោយមកប៉ូលិសបាននាំខ្លួនភ្នាក់ងាររបស់លោកទៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពិនិត្យទឹកនោមរកសារធាតុញៀន តែការពិនិត្យ២ដង រកមិនឃើញនោះទេ ទើបប៉ូលិសធ្វើកំណត់ហេតុ អនុញ្ញាតឲ្យត្រឡប់មកវិញ ។
លោក យល់ថា នេះជាការរំលោភសិទ្ធិអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ចំពោះការបំពេញវិជ្ជាជីវៈ និង ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធមេត្តាពិនិត្យករណីនេះឡើងវិញផង ។
បញ្ហាប៉ូលិសស្លៀកពាក់ស៊ីវិល ចាប់ខ្លួនប្រជាពលរដ្ឋតាមដងផ្លូវនេះ បង្កការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាពលរដ្ឋ ដែលកន្លងមកប៉ូលិសក៏បានចេញមុខបំភ្លឺផងដែរ ។
ទន្ទឹមនេះ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា ថ្លែងប្រាប់ថា បើអ្នកកាសែតបានបង្ហាញប័ណ្ណអ្នកសារព័ត៌មានត្រឹមត្រូវហើយ គប្បីសមត្ថកិច្ចគោរពនូវសិទ្ធិរបស់អ្នកសារព័ត៌មាន មិនអាចធ្វើការបំពានយ៉ាងដូច្នេះទេ ខណៈប្រមុខរាជរដ្ឋាភិបាល លើកស្ទួយ និងគាំទ្រខ្លាំងណាស់ ចំពោះសេរីភាពសារព័ត៌មាន ។
លោក បន្តថា សមត្ថកិច្ចគួរបង្ហាញតួនាទីឲ្យបានច្បាស់លាស់កុំឲ្យមានការយល់ច្រឡំ ខណៈបើសិនអ្នកសារព័ត៌មាន កំពុងបំពេញតួនាទីហើយ មិនត្រូវបំពានសិទ្ធិអ្នកសារព័ត៌មាននោះទេ ។
ជាមួយគ្នានេះ លោក ប៉ែន បូណា បានសំណូមពរដល់អ្នកសារព័ត៌មានផងដែរ ត្រូវគោរពវិជ្ជាជីវៈរបស់ខ្លួន ខណៈសមត្ថកិច្ចក៏ត្រូវគោរពតួនាទីរបស់ខ្លួន និង មិនត្រូវបំពានសិទ្ធិអ្នកសារព័ត៌មានឡើយ ៕ ចេស្តា