ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់លង់ទឹកស្លាប់ ដឹងនៅម៉ោង ១១ និង ៥៥នាទី ថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចតំបន់ត្រពាំងចក ក្នុងភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សមត្ថកិច្ចឲ្យដឹងថា សពឈ្មោះ សៀម សាម ភេទប្រុស អាយុ៥៨ឆ្នាំ ភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ ឈ្មោះ ម៉ា ងឿន អាយុ៦៣ឆ្នាំ (ត្រូវជាប្រពន្ធ)បានបំភ្លឺថា៖ ប្ដីរបស់គាត់មានជម្ងឺប្រចាំកាយ (របេង) និងជាមនុស្សញៀនស្រាជាប្រចាំមិនសូវគិតរឿងបាយទឹកទេ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹកគាត់ និងប្ដីបាននាំគ្នាទៅច្រូតស្រូវនៅខាងកើតត្រពាំងចក ចម្ងាយប្រហែល ៥០០ម៉ែត្រ ក្នុងភូមិក្រយាជើង ពេលនោះ ប្ដីរបស់គាត់បានទិញស្រាស ១ដបកន្លះលីត្រ កាន់ទៅជាមួយដែរ ដល់ពេលបាយប្ដីរបស់គាត់មិនបានហូបបាយទេ គឺគាត់ផឹកស្រា លុះដល់ល្ងាចពេលត្រឡប់មកផ្ទះ គាត់មិនបានហៅប្ដីមកទេ ព្រឹកឡើងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ គាត់ក៏មិន បានឃើញប្ដីមកផ្ទះវិញហើយគិតថា ប្រហែលជាដើរ ទៅផឹកឯណាស្រវឹងទៀតហើយ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មិនឃើញប្ដីមកផ្ទះវិញទេក៏ដើររកតាមផ្ទះបងប្អូនក្នុងភូមិ សួរគេតាមតូបលក់ដូរ នៅតែមិនឃើញ ក៏ដើរមករកកន្លែងវាលស្រែដែលច្រូតស្រូវ នៅតែមិនឃើញ ក៏ហួសមកមើលមាត់ត្រពាំងចក ស្រាប់តែឃើញស្បែកជើង និងខោប៉ារ៉ាជើងខ្លីដែលប្ដីគាត់ស្លៀកនៅមាត់ត្រពាំង ក៏ត្រឡប់មកភូមិវិញ ហៅបងប្អូនក្នុងភូមិឲ្យជួយចុះរកក្នុងត្រពាំងបានប្រទះឃើញសាកសពប្ដីរបស់គាត់លង់ទឹកស្លាប់មិនដឹងពីពេលណានោះទេ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍នគរបាលក្រយា និងអាជ្ញាធភូមិ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព៖ នៅលើដងខ្លួនសាកសព និងអវយវៈពុំមានស្លាកស្នាមអ្វីទេ នៅក្នុងក្រអូមមាត់មានកករដី ។ _
ការសន្និដ្ឋាន សពជន រងគ្រោះ ស្លាប់ដោយសារលងទឹក ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។
មូលហេតុ ស្រវឹងស្រា ហើយចុះងូតទឹក ដោយគ្មានអ្នកណាម្នាក់ដឹង ។ សម្ភារ ដែលបន្សល់ទុក ស្បែកជើងជ័រពណ៌ខ្មៅ ១គូ ខោប៉ារ៉ាជើងខ្លី ១ ។
ក្រោយពីនិត្យសមត្ថកិចបានប្រគល់សាកសពជូនក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី