ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់រុំកៅស៊ូអាក្រាតកាយ​សង្ស័យករណីឃាតកម្ម​ សម្លាប់ហើយយកមកប្លុងចោល

ចែករំលែក៖

ភ្នំពេញ៖ សាកសពបុរសម្នាក់មានសភាពហើមស្អុយរលួយ​រុំដោយកៅស៊ូទាំងអាក្រាតកាយ​ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅជាប់ និងច្រាំងទន្លេមេគង្គក្រោម​ បង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង​ ៧ និង២០នាទីថ្ងៃទី​ ១២​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ស្ថិតនៅក្នុងភូមិតាព្រហ្ម​ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពញ​ ។

តាមសម្តីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនមានហេតុការណ៍ភ្ញាក់ផ្អើលនេះគឺមានប្រជានេសាទបានដើរកាត់ចំណុចកើតហេតុខាងលើ​ ដោយបានធំក្លិនស្អុយ​ ក៏ដើរទៅអើតមើលស្រាបតែប្រទះមានសពមនុស្សប្រុស​ រុំដោយកៅស៊ូ​ ហើយភ្លាមៗនោះប្រជានេសាទបានរាយការណ៍នៅនគរបាលប៉ុស្តិរដ្ឋបាលព្រែកឯង ដើម្បីឲ្យចុះមកពិនិត្យ ។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជានេសាទ​ ភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញខណ្ឌច្បារអំពៅ​ ចុះដល់ទីតាំងកើតហេតុ​ ដោយបានពិនិត្យឃើញថា​ ពិតមានជាសពបុរសម្នាក់បានស្លាប់​ ដោយមានសភាពហើមស្អុយ​ និងអាក្រាតកាយ​ រុំដោយកៅស៊ូពីខាងក្រៅ​ ។

ដូច្នេះជុំវិញករណីនេះសមត្ថកិច្ចមូលដ្ឋាននៅមិនទាន់អាចបញ្ជាក់ថាជាករណីឃាតកម្ម​ ឬក៏យ៉ាងណានោះទេដោយរង់ចាំមន្ត្រីជំនាញកោសល្យវិច័្ចយរាជធានីភ្នំពេញចុះមកពិនិត្យជាតិជាក់ស្តែង​ ។ ប៉ុន្តែបើតាមប្រជាពលរដ្ឋដែលឈររោមមើលសពបុរសខាងលើនេះបានសន្និដ្ឋានថាជាករណីឃាតកម្ម​សម្លាប់ហើយយកសាកសពមកផ្លុងចោល ព្រោះសពត្រូវបានរុំដោយកៅស៊ូព្រមទាំងអាក្រាតកាយថែមទៀត​ ។ ចំពោះអត្តសញ្ញាណសពបុរសខាងលើសមត្ថកិច្ចនៅមិនទាន់ស្គាល់នៅឡើយទេ​ ដោយបច្ចប្បន្នសពត្រូវបានដឹកយកទៅតម្កល់នៅវត្តចំប៉ា​ រង់ចាំស្រាវជ្រាវរកសាច់ញាតិ​៕ សណ្តោស


ចែករំលែក៖