ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងក្រុមហ៊ុន​ Savimex​ បើកបុកម៉ូតូ និងចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យមនុស្សម្នាក់រងរបួស និងខូចខាតទ្រព្យសម្បត្តិមួយចំនួន​

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បង្កដោយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន ​Savimex​ មួយគ្រឿងបានបើកបរក្នុងល្បឿនលឿនជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូពីមុខបណ្តាលឲ្យរងរបួស រួចបួងចង្កូតគេចជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​ ១២ និង៣០នាទី​ ថ្ងៃទី១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ក្នុងភូមិអន្លង់គង់ថ្មី​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

បើតាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ​ បុរសម្នាក់បានជិះម៉ូតូឌ្រឹមសង់​មួយគ្រឿង​ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកើតហេតុស្របពេលនោះក៏មានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន​Savimex​ មួយគ្រឿង​ បានបើកបរស្របទិសគ្នាជាមួយម៉ូតូ​ក្នុងល្បឿនយ៉ាងលឿន​ ហើយដោយជាន់ហ្វ្រាំងមិនសុីបានជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យអ្នកជិះម៉ូតូបានរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបានរេចង្កូតមកស្តាំដៃបុកចូលផ្ទះប្រជាពលរដ្ឋខ្ទេចអស់មួយខ្នង​ ធ្វើឲ្យក្បាលរថយន្តគៀបជាប់ជាមួយជញ្ជាំងផ្ទះបន្តដំណើរទៅមុខលែងរួច ។ ភ្លាមៗនោះដោយសារឃើញសភាពអ្នកជិះម៉ូតូរងរបួសធ្ងន់ទើបតៃកុងរថយន្តបានចុះពីលើករថយន្តរត់គេចខ្លួនបាត់ស្រមោលចោលរថយន្តនៅកន្លែងកើតហេតុ​ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង​ដោយសហការជាមួយសមត្ថកិច្ចជំនាញចរាចរវាស់វែង​ ប៉ុន្តែដោយសារភាគីបង្កបានសុំសម្របសម្រួលដោយបានសងសំណងទៅឲ្យម្ចាស់ផ្ទះចំនួន៩៥០ដុល្លារ និងភាគីម៉ូតូចំនួន២៥០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង ៕ ភារ៉ា ដង្កោ

&


ចែករំលែក៖