ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធម័ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញវាយកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅមុខស្ថានទូតថៃ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ៤ទៅ៥គ្រឿង មិនចាំម៉ាក ដោយមួយម៉ូតូមានគ្នា២នាក់ បានជិះដេញវាយយុវជនរងគ្រោះមានគ្នា២នាក់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង និងស្រែកថាចោរៗ ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានបត់ទៅក្រោយវិញ ទើបធ្វើឲ្យម៉ូតូដួលត្រូវជនសង្ស័យវាយបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ។ បន្ទាប់មកជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់ ។
ក្នុងហេតុការណ៍នោះ គេសង្កេតឃើញមានបន្សល់ទុកកាំភ្លើងខ្លីមួយដើមម៉ាក K59 និងម៉ូតូម៉ាកBeat ពណ៍សលាយក្រហម ពាក់ស្លាកលេខពោធិ៍សាត់ 1I 8728 ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ និងទាក់ទងទៅរថយន្តសង្គ្រោះដឹកជនរងគ្រោះដែលរបួសទៅមន្ទីរពេទ្យ ចំណែកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តរង់ចាំកោសល្យវិច័យ ដោយឡែកម៉ូតូ រួមទាំងកាំភ្លើងត្រូវបានសម្ថកិច្ចយកទៅរក្សាទុករង់ចាំស្រាវជ្រាវបន្ត ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ ៕ សុខាសែនជ័យ