ព័ត៌មានទាន់ហេតុការណ៍៖

ដឹកសង្សារមកផឹកស៊ីផ្ទះមិត្តភក្តិ រួចក៏បានឈ្លោះគ្នាជាមួយសង្សារ បែរជាទៅរករឿងអ្នកជិះម៉ូតូឆ្លងកាត់ បង្កជាជម្លោះកើតជាហិង្សា យកដាវសាំម៉ូរ៉ៃកាប់បុរសម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដឹកសង្សាររបស់ខ្លួនមកកន្លែងផឹកស៊ីផ្ទះមិត្តភក្តិរួច ក៏បានឈ្លោះគ្នាជាមួយសង្សារ បែរជាទៅរករឿងអ្នកជិះម៉ូតូឆ្លងកាត់ បង្កជាជម្លោះកើតជាហិង្សានាំបក្ខពួកប្រដាប់ដោយដាវសាំម៉ូរ៉ៃកាប់គ្នាបណ្តាលឲ្យរងបួសបុរសម្នាក់ចូលពេទ្យរួចនាំគ្នារត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ338 ផ្លូវលំ 2004 ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលត្រូវរបួសមួយកាំបិតឈ្មោះត្រា សន ភេទប្រុស អាយុជាង 40 ឆ្នាំ ស្នាក់នៅផ្លូវលំ 2004 ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកក្រុមជនដៃដល់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជាអ្នកលីសែងឥវ៉ាន់ដាក់ឡាន ស្នាក់នៅបន្ទប់ជួលផ្ទះលេខ338 ផ្លូវលំ 2004 ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុជនបង្កបានឈ្លោះទាស់ទែងជាមួយនឹងសង្សាររបស់ខ្លួនដែលនាំគ្នាមកផឹកស៊ីនៅចំណុចផ្ទះជួលខាងលើនេះ លុះមកដល់វេលាកើតហេតុស្រាប់តែជនបង្កបានជេរប្រមាថខឹងទៅលើម៉ូតូដែលជិះឆ្លងកាត់មុខខ្លួនម្ដងជាពីរដងឃាត់ម៉តូគេមិនបាន ខណៈពេលនោះត្រូវប្អូនជនរងគ្រោះបានជិះម៉ូតូចេញមកពីទិញប៊ីយែរឆ្លងកាត់គោលដៅកន្លែងកើតហេតុស្រាប់តែជនបង្កបានជេរប្រមាថថែមទាំងកាក់ម៉ូតូជាប់ភ្លាមនោះប្អូនជនរងគ្រោះបានដើរទៅផ្ទះហើយបានហៅបងប្អូនមកកន្លែងកើតហេតុក៏បានឈ្លោះទាស់ជាពាក្យសំដីបង្កជាជម្លោះទៅវិញទៅមកស្រាប់តែក្រុមជនដៃដល់ដែលជាបក្ខពួករបស់ជនបង្កបាននាំគ្នាចេញពីក្នុងផ្ទះជួលកន្លែងកើតហេតុខាងលើប្រដាប់ដោយដាវសាមរ៉ៃគ្រប់ដៃចេញមកដេញកាប់សំដៅទៅលើជនរងគ្រោះត្រូវមួយកាំបិតចំថ្ពល់បណ្ដាលឲ្យរងរបួសបញ្ជូនទៅមន្ទីពេទ្យ ហើយជនដៃដល់ទាំងនោះបាននាំគ្នាចូលទៅក្នុងបន្ទប់វិញហើយក៏បានគេចខ្លួនតាមទ្វារក្រោយរត់បាត់ស្រមោលតែម្ដង ដោយឡែកខាងភាគីជនបង្កជាអ្នកបង្កហេតុជិះម៉ូតូម៉ាក CBRពណ៌ខ្មៅ ពាក់ផ្លាកលេខ 1CZ- 85 27 ក៏បានជិះគេចខ្លួនទាំងអស់គ្នាតែម្ដង ។

ប្រជាពលរដបានលួចខ្សឹបប្រាប់ឲ្យដឹងថែមទៀតថាក្រុមជនដៃដល់ និងបក្ខពួកគឺជាកម្មកលីឥវ៉ាន់ដាក់ឡានហើយក្រុមទាំងនេះជាអ្នកប្រើប្រាស់គ្រឿងញៀនទៀតផង នៅម្តុំផ្ទះជួលខាងលើនេះក្រុមជនបង្កមិនខ្លាចអ្នកណាទេតែងតែនាំគ្នាមកជក់គ្រឿងញៀនបង្កជម្លោះជាញឹកញាប់ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការភ័យខ្លាចដោយសារក្រុមទាំងនេះជាអ្នកញៀនថ្នាំ និងមានដាវសាំម៉ូរ៉ៃទៀតផង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិអូរបែកក្អមរួមទាំងសមត្ថកិច្ចខណ្ឌសែនសុខបានចុះមកដល់ទីតាំងកន្លែងកើតហេតុក៏បានសាកសួរ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីតាមចាប់ស្វែងរកជនដៃដល់មកផ្តន្ទាទោសទៅតាមច្បាប់៕ ជ្រោយពេជ្រ

 


ចែករំលែក៖