ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងរោងស្តុកថ្នាំបុរាណខ្មែរ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ រោងស្តុកថ្នាំបុរាណខ្មែរ ដំបូលប្រក់ស័ង្កសីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់ឱសថបុរាណខ្មែរមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋ បានឃើញមានផ្សែងហុយៗ ចេញពីជាន់ទី១នៃរោងប្រក់ស័ង្កសី ដែលជារោងស្តុកថ្នាំបុរាណខ្មែរខាងលើ ។ មួយសន្ទុះក្រោយមក ស្រាប់តែមានអណ្ដាតភ្លើង ឆាបឆេះសំបកឈើ និងស្លឹកឈើស្ងួតៗ ដែលគេស្តុកទុកក្នុងរោងប្រក់ស័ង្កសីខាងលើ ដើម្បីសមគ្នាធ្វើជាឱសថព្យាបាលជំងឺ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ នាំគ្នាជួយទាញទុយយោទឹក និងបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន រួមជាមួយរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយអន្តរាគមន៍ ។

ដោយទីតាំងខាងលើមានការពិបាកក្នុងការបាញ់ទឹកពន្លត់ទើបប្រើរយះពេលប្រមាណ១ម៉ោងកន្លះ ទើបអាចពន្លត់ភ្លើងបានទាំងស្រុង នៅម៉ោង១១យប់ថ្ងៃដដែល ។

យោងតាមរបាយការរបស់សមត្ថកិច្ចបានឲ្យដឹងថាករណីនេះ ប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកចំនួន ៩គ្រឿង ក្នុងនោះរួមមាន រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាន នគរបាលជាតិភ្នំពេញចំនួន២គ្រឿងបាញ់ទឹកអស់ចំនួន៥គ្រឿង ។ រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៤គ្រឿងបាញ់អស់ទាំង៤គ្រឿង ។

រោងប្រក់ស័ង្កសី ខូចខាតមានទំហំ៤.៥X១២ម៉ែត្រ និងថ្នាំបុរាណខ្មែរ ដែលស្តុកនៅខាងក្នុងប៉ុណ្ណោះ ។ មិនបណ្ដាលឲ្យឆាបឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ ។

ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីចេញពីជាទី១នៃរោងខាងលើ ៕ ចន្ទ លីហ្សា


ចែករំលែក៖