ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង​៖ ​ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចុះបង្ក្រាបឃាត់ខ្លួនពាក់ពន្ធ័នឹងករណីរក្សាទុក​ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សួស ឧត្តម ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មីឃុំអណ្ដូងពោធិ ស្រុករមាសហែក​ ខេត្តស្វាយរៀង, ទី២ឈ្មោះ មាស ថុនា ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ ស្រុកកំណើត ភូមិបុស្សគគីរ ឃុំអណ្ដូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង, ទី៣មាន ឈ្មោះ អ៊ុច សាទ្រា ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុរបរមិនពិតប្រាកដ​ បច្ចុប្បន្ននៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងទី៤មានឈ្មោះ អ៊ុត ខ្នា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ​ ស្រុកកំណើតភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ។

ប្រភពបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចរឹបអូសយកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ០៦ កញ្ចប់ (ធំ០២កញ្ចប់ តូច០៤កញ្ចប់) ម៉ូតូចំនួន០១គ្រឿង ម៉ាកវ៉េ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 1N 7347 ទូរសព្ទដៃចំនួន០៣គ្រឿង ប្រាក់រៀលចំនួន ២០០.០០០រៀល ប្រាក់ដុងចំនួន ២០០.០០០ ដុង អត្តសញ្ញាណប័ណ្ណចំនួន ០២ សន្លឹក ដាវសាំម៉ូរ៉ៃចំនួន ០៣ ដើម កូនកាំបិតចុងស្រួចចំនួន០១ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ប្រភពបន្តថា កម្លាំងជំនាញមន្ទីរយុត្តិធម៌​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត​ ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី​ វុត្ថា​ មេបញ្ជាការរង​ កងរាជអាវុធហត្ថខេត្ត​ ក្រោមបទបញ្ជាផ្ទាល់របស់​ លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង​បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក​ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន៤នាក់ មកសាកសួរផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖