ភ្នំពេញ ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងរិះគន់ជាខ្លាំងទៅលើមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ ជាពិសេសលោក ម៉ៅ សាវឿន ដែលជាមេប៉ុស្ដិ៍ផ្ទាល់តែម្ដង ក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវាទរបស់ខ្លួនមិនបានល្អ រហូតបណ្ដោយឲ្យមានបុរសសតិមិនល្អម្នាក់ ដើរចូលក្នុងបរិវេណប៉ុស្ដិ៍នគរបាល ហើយឡើងលើដើមស្វាយចងក សម្លាប់ខ្លួនបានសម្រេច ក្នុងអំឡុងវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបរិវេណប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ដោយប្រជាពលរដ្ឋប្រាប់ថា ជាជនសតិមិនល្អ (ជនអនាថា) ។
បើតាមសម្ដីបុរសម្នាក់សុំមិនប្រាប់ឈ្មោះបានឲ្យដឹងថា មុនពេលឃើញសពជនរងគ្រោះ គឺ មានក្មេងៗដែលរស់នៅក្នុងភូមិក្បែរប៉ុស្ដិ៍ខាងលើបានដើរកាត់ ហើយក្រឡេកមើលលើដើមស្វាយ ស្រាប់តែប្រទះឃើញបុរសខាងលើបានចង ក ស្លាប់បាត់ទៅហើយ រួចក្មេងៗក៏រត់ទៅប្រាប់គាត់ ។ បន្ទាប់មករូបគាត់ក៏រាយការណ៍ប្រាប់ដល់មេការរបស់គាត់ និងប្រាប់សមត្ថកិច្ចនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ខាងលើឲ្យបានដឹងផងដែរ ។
ក្រោយមក មន្ត្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ១ខាងលើ បានឲ្យជំនាញខាងកោសល្យវិច័យមកពិនិត្យរួចរាល់ ក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាចង ក ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ឲ្យរថយន្តដឹកសព ដឹកយកទៅតម្កល់ទុកក្នុងវត្តស្ទឹងមានជ័យ រង់ចាំស្រាវជ្រាវរកសាច់ញាតិ និងបូជាតាមប្រពៃណីនាពេលក្រោយ ៕ ភារ៉ា ដង្កោ