ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ នៅសង្កាត់ផ្សារដេប៉ូ ឃាត់ខ្លួនស្រ្តីម្នាក់ជាមេឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង នៅម្តុំផ្សារសាមគ្គី ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ចុះបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនស្រ្តីម្នាក់ជាអ្នកកត់ឆ្នោត និងដកហូតវត្ថុតាងមួយចំនួន ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលេខ២៨C ផ្លូវលេខ២២៥ ក្រុមទី១៦ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌទួលគោក បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៍មានថាមានករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតវៀតណាម) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៨C ផ្លូវលេខ២២៥ ក្រុមទី១៦ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ និងអាជ្ញាធរសង្កាត់ផ្សារដេប៉ូទី៣ ចុះបង្ក្រាបជាក់ស្ដែង ដោយឃាត់ខ្លួនស្រ្តីម្នាក់ រួម និងក្រដាសកត់ឆ្នោតមួយចំនួន ; ប្រាក់ខ្មែរមួយចំនួនផងដែរ ។

បច្ចុប្បន្នស្រ្តីសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស រស្មី

 


ចែករំលែក៖