ខេត្តក្រចេះ ៖ សាកសពស្រ្តីម្នាក់ ដែលត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងចំការមួយកន្លែង នាវេលាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចវាលក្បូន ភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយសមត្ថកិច្ចសន្និដ្ឋានបឋមថា ជាករណីឃាតកម្មនោះ ត្រូវបានកម្លាំងស្រាវជ្រាវតាមចាប់ជនសង្ស័យបានហើយ ហើយនេះជាករណីអំពើប្លន់សម្លាប់ ។
ការឃាត់ខ្លួនជនសង្ស័យជាឃាតកបាននៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចអូរអង្គុញ ភូមិរកាធំ ឃុំជ្រោយបន្ទាយ ខេត្តក្រចេះ ។
តាមប្រភពបានឱ្យដឹងថា បន្ទាប់ពីមានអំពើឃាតកម្មមួយនេះ បានកើតឡើងភ្លាមលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះបានបញ្ជាកម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលស្រុកព្រែកប្រសព្វបើកការ ស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់តាមចាប់ខ្លួនជន សង្ស័យ ។ ក្រោយពីសមត្ថកិច្ចសួរនាំ ស្រាវជ្រាវទៅយ៉ាងយកចិត្តទុកដាក់ ក៏ឈានដល់ចាប់ខ្លួនជនសង្ស័យជាឃាតកនោះបានតែម្តង ។
ជនសង្ស័យ ឈ្មោះ យ៉ង ណាក់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតខាងលើ ។
សមត្ថកិច្ចដកហូតសម្ភារជាប់ខ្លួនជនសង្ស័យរួមមាន៖ ក្រវិលរបស់ជនរងគ្រោះមួយគូ និងលុយចំនួន ៥៦0.000រៀល។
សពស្រ្តីរងគ្រោះ ឈ្មោះឈុំ ណៃស៊ីម អាយុ៣៩ឆ្នាំ មានប្ដី និងមានកូនម្នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពពកន្លែងកើតហេតុថានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្មេងស្រីម្នាក់ឈ្មោះ ថៃ វ៉ារី អាយុ៦ឆ្នាំត្រូវជាកូនស្ត្រីរងគ្រោះ បានទៅប្រាប់ឈ្មោះ ឈាន លឹមហ៊ួ អាយុ៤៧ឆ្នាំ ត្រូវជាអ៊ំបង្កើតថា ម្តាយដឹកគោទៅក្រោយផ្ទះមិនឃើញត្រឡប់មកវិញទេ គាត់ក៏មិនចាប់អារម្មណ៍រហូតដល់ម៉ោងប្រហែល ៦ល្ងាច នាំគ្នាដើរកមិនឃើញ លុះដល់ព្រឹកឡើង ក៏ប្រទះឃើញសាកសពស្រីរងគ្រោះ ដេកស្លាប់នៅក្នុងព្រៃមានស្ពាយកាបូប នៅខាងក្រោយផ្ទះប្រហែលជា១៥០ម៉ែត្រក៏រាយការណ៍ប្រាប់សមត្ថកិច្ច។
សមត្ថកិច្ចបានចុះទៅដល់ក្រោយពីធ្វើកោសល្យវិច័យ ការពិនិត្យសាកសព ឃើញមានស្នាមវាយនឹងវត្ថុរឹង ដែលមានស្លាកស្នាមជាំពោរធ្គាមសងខាង ពោរចង្កា បែកកញ្ចប់មាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំលើដើមទ្រូង រួចហើយសមត្ថកិច្ចជំនាញបានប្រគល់សាកសពស្រ្តីរងគ្រោះឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្តចាត់ការតាមច្បាប់៕ ជីវ័ន្ត