គេហទំព័រផ្សព្វផ្សាយពីគោលនយោបាយបរទេស Uriminjokkiri របស់កូរ៉េខាងជើង នៅថ្ងៃទី១៣ ខែធ្នូ បានផ្សាយ អត្ថបទវិភាគ ថ្កោលទោសយ៉ាងខ្លាំង ដល់សៀវភៅសកិច្ចការបរទេសឆ្នាំ២០១៩ របស់ក្រសួងការបរទេសកូរ៉េខាងត្បូង ។
សារព័ត៌មាន Uriminjokkiri បានផ្សាយថា ខ្លឹមសារនៅក្នុងសៀវភៅស ស្តីពីកិច្ចការបរទេស គឺមិនមានការពិត ដោយទីក្រុងសេអូលបាន ចាត់ទុកថាខ្លួនខិតខំដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ក៏ដូចជាដោះស្រាយបញ្ហាបរមាណូរបស់កូរ៉េខាងជើង ។
នៅក្នុងអត្ថបទវិភាគបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង គឺជាអ្នកសកម្មនៅក្នុងការកាត់បន្ថយភាពតានតឹង ក្នុងពេលដែលឧបទ្វីបកូរ៉េប្រឈមនឹងសង្គ្រាម អាចផ្ទុះឡើងគ្រប់ពេល។ គេហទំព័រ របស់កូរ៉េខាងជើង បានលើកឡើងថា កូរ៉េខាងត្បូង មិនចេះ«ខ្មាសគេ» ពេលផ្សព្វផ្សាយ ព័ត៌មានខ្វះការពិត ។ ជាមួយគ្នានេះ កូរ៉េទាំងពីរមមិនទាន់មានកិច្ចព្រមព្រៀងណាមួយជាផ្លូវការនៅឡើយទេ។
គេហទំព័រ Uriminjokkiri បានផ្សាយថា ការអាស្រា័យទៅលើឥទ្ធិពល ពីខាងក្រៅរបស់កូរ៉េខាងត្បូង បានជំរុញឲ្យទំនាក់ទំនងប្រទេសទាំងពីរ ធ្លាក់ក្នុងសភាពគ្រោះថ្នាក់បំផុត។
ជាមួយគ្នានេះដែរ អាមេរិកព្យាយាមអូសកូរ៉េខាងជើងវិលត្រឡប់មកពិភាក្សា ខណៈកូរ៉េខាងជើងត្រៀមប្រកាសបញ្ចប់រាល់កិច្ចពិភាក្សា ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានប្រកាសថា អាមេរិក នឹងខិតខំអូសទាញកូរ៉េខាងជើង វិលត្រឡប់ចូលតុពិភាក្សាស្តីពីការរំសាយកម្មវិធីបរមាណូ ដោយសង្ឃឹមថាកូរ៉េខាងជើង មិនដើរទៅកាន់ផ្លូវប្រឈមមុខដាក់គ្នាជាថ្មីទៀតឡើយ។
កាលពីថ្ងៃទី១៣ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានបញ្ជាក់ថា «អាមេរិក នឹងខិតខំបញ្ជូនកូរ៉េខាងជើងមកកាន់តុពិភាក្សាស្តីពីកម្មវិធីបរមាណូរបស់ប្រទេសនេះ»។មានប្រសាសន៍ទៅកាន់គណៈកម្មការកិច្ចការបរទេសនៅទីក្រុងញូវយ៉កលោក Mark Esper បញ្ជាក់ទៀតថាអាមេរិកកំពុងតែព្យាយាមតភ្ជាប់កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូនិងមីស៊ីល ហើយមានតែកិច្ចការបរទេសប៉ុណ្ណោះទើបអាចដោះស្រាយបាន។
ការលើកឡើងរបស់លោក Mark Esper ក្នុងពេលកិច្ចពិភាក្សារវាងអាមេរិកនិងកូរ៉េខាងជើងបានជាប់គាំ ។ កន្លងមកកូរ៉េខាងជើង បានកំណត់ពេលវេលាចុងក្រោយដល់អាមេរិកនៅចុងឆ្នាំ២០១៩នេះ ក្នុងការតភ្ជាប់កិច្ចពិភាក្សា បើមិនដូច្នោះទេ និងវិលត្រឡប់ទៅកាន់ការប្រឈមមុខដាក់គ្នាជាថ្មី។រយៈពេលកន្លងមក កូរ៉េខាងចើង បានសាកល្បងមីស៊ីលជាបន្តបន្ទាប់ក្នុងនោះមានមីស៊ីលឆ្លងទ្វីប ទៀតផង។
នៅពេលនេះដែរ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសថា ឧបការីស្តីពីកូរ៉េខាងជើង លោក Stephen Biegun មកកាន់ទីក្រុងសេអ៊ូលនៅថ្ងៃទី១៤ខែធ្នូ នេះ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃដើម្បីពិភាក្សាស្តីពីស្ថានភាព ពាក់ព័ន្ធឧបទ្វីបកូរ៉េ។
ជាមួយគ្នានេះ សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានផ្សាយថា កូរ៉េខាងជើង ត្រៀមលក្ខណៈ ប្រកាសបញ្ចប់កិច្ចពិភាក្សាជាមួយអាមេរិក នៅក្នុងមហាសន្និបាទបក្សពលករកូរ៉េខាងជើងនៅចុងឆ្នាំនេះ ហើយវិលត្រឡប់ទៅអភិវឌ្ឍន៍កម្មវិធីបរមាណូ ជាថ្មី។
ក្តីសង្ឃឹមរបស់លោកគីម ជុងអ៊ុននៅក្នុងជម្រើសយុទ្ធសាស្រ្តមួយនេះ គឺបង្ខំលោកដូណាល់ ត្រាំឲ្យពិនិត្យមើលឡើងវិញនូវនយោបាយអាមេរិកចំពោះកូរ៉េខាងជើង។ តែនេះមិនមែនជាលើកទី១ ហើយក៏ប្រហែលជាមិនមែនលើកចុងក្រោយទេដែលក្រុងព្យុងយ៉ាងបានប្រើវិធីសាស្រ្តច្រំដែលមួយនេះ។ កន្លងមក ទោះក្នុងពេលមានកិច្ចចរចាជាមួយអាមេរិក ឬក៏គ្មានក៏ដោយ ក៏ក្រុងព្យុងយ៉ាងតែងធ្វើការសាកល្បងនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលចម្ងាយជិត ឬឆ្ងាយ។ រហូតមកទល់ពេលនេះ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំដែលបានជួបសន្ទនាជាមួយលោកគីម ជុងអ៊ុនដល់ទៅ ៣ដងតាំងពីខែមិថុនា ឆ្នាំ ២០១៨ តែងទប់ចិត្តនឹងការបង្ករឿងរបស់លោកគីម ជុងអ៊ុន។
លើកនេះ លោកត្រាំហាក់មិនទាន់បានបញ្ចេញប្រតិកម្មអ្វីចំពោះការសាកល្បងរបស់កូរ៉េខាងជើងពេលនេះទេ។ តែនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូងលោកមូន ចៃអ៊ីននាថ្ងៃសៅរ៍ ទី៧ ធ្នូ លោកត្រាំ និងលោកចៃអ៊ីនបានទទួលស្គាល់ដូចគ្នាពីស្ថានភាពធ្ងន់ធ្ងរនៅឧបទ្វីបកូរ៉េ។ ក៏ប៉ុន្តែ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាពីការបន្តទុកផ្លូវចរចា និងកិច្ចសន្ទនាស្តីពីការរំសាយនុយក្លេអ៊ែរ។ ដោយឡែកក្នុងថ្ងៃសៅរ៍ ទី៧ ធ្នូដដែល ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិលោកគីម សុងបែរជាបានថ្លែងថា កូរ៉េខាងជើងមិនត្រូវការមានការចរចាយូរអង្វែងជាមួយអាមេរិកទេ និងថា ការរំសាយនុយក្លេអ៊ែរក៏ត្រូវបានដកចេញពីតុចរចាហើយដែរ។
គួររម្លឹកថា កិច្ចចរចារវាងកូរ៉េខាងជើង និងអាមេរិកបានជាប់គាំងតាំងពីជំនួបគ្មានលទ្ធផលរវាងលោកត្រាំ និងលោកគីមលើកទី២ កាលពីខែកុម្ភៈក្នុងប្រទេសវៀតណាម។ គេនៅមិនទាន់ដឹងថា តើយុទ្ធសាស្រ្តរបស់គីម ជុងអ៊ុនពេលនេះនឹងអាចបង្ខំលោកដូណាល់ ត្រាំឲ្យពិចារណាឡើងវិញនូវជំហរអាមេរិកចំពោះកូរ៉េខាងជើងដែរ ឬទេ។ អ្វីដែលគេអាចនិយាយបានពេលនេះ លោកត្រាំ និងលោកគីមកំពុងបន្តលេងល្បែងធម៌ក្តៅ និងធម៌ត្រជាក់ដាក់គ្នា៕