ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
តាមរបាយការណ៍របស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាពិបាលបានអោយដឹងថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាថ្នាលបណ្តុះបណ្តាលនាំមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល និងដែលបានទទួលស្គាល់លើឆាកអន្តរជាតិ។ បន្ថែមពីលើការកែលម្អកម្មវិធីសិក្សា ឱ្យទៅជាកម្មវិធីសិក្សាមួយដែលផ្អែកលើសមត្ថភាពស្នូលជាគោល តាមរយៈការអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ បង្ហាញ ត្រាប់ទំនើប មុននឹងឲ្យនិស្សិតចេញទៅអនុវត្តនៅតាមមន្ទីរពេទ្យ។
សម្តេចតេជោ ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយ និងបានអបអរសាទរចំពោះនិស្សិតជ័យលាភី ទាំងអស់ ហើយទន្ទឹមនឹងនេះ សម្តេចតេជោ មានមោទភាពដែលថ្ងៃនេះ យើងទទួលបានធនធានមនុស្សជាច្រើនថែមទៀតសម្រាប់វិស័យសុខាភិបាល ក្នុងខណៈដែលកម្ពុជាកំពុងអនុវត្តនូវគោលនយោបាយគាំពារសង្គមដែលបាននឹងកំពុងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិសេស ស្ត្រីក្រីក្រ និងកម្មករ កម្មការិនី។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោ បាយគាំពារសង្គមនេះ គឺយើងបានចំណាយនូវថវិការជាតិជាច្រើន ដែលចែកចេញជា ៣ដំណាក់កាល គឺក្នុងពេលមានផ្ទៃពោះ ពេលឆ្លងទន្លេ និងក្រោយពេលសម្រាលកូនបានអាយុ២ឆ្នាំ។ តាមរយៈគោលន យោបាយនេះ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពមាតា និងទារក និងកាត់បន្ថយភាពក្រក្រផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ជំរាបថាជាសាធារណៈថា ពាក់ព័ន្ធនឹងអ្នកជម្ងឺដែលត្រូវការដូរក្រលៀន ដែលកន្លងមកនេះអ្នកជម្ងឺមួយចំនួនតែងតែទៅព្យាបាល និងដោះដូរសរីរាង្គដូចក្រលៀនជាដើមនោះ គឺតែងតែទៅដោះដូរ និងព្យាបាលនៅឯបរទេស ក៏ប៉ុន្តែពេលនេះ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើងក៏មានលទ្ធភាពព្យាបាល ព្យាបាលដូរក្រលៀនបានដែរគឺនៅមន្ទីរពេទ្យកងទ័ព (មន្ទីរពេទ្យព្រះកេតុមាលា) នៅភ្នំពេញ គ្រាន់តែយើងត្រូវការក្រលៀនពីសមាជិកក្រុមគ្រួសារអ្នកជម្ងឺដែលមានក្រលៀនប្រភេទដូចគ្នាតែប៉ុណ្ណោះ គឺអ្វីៗធ្វើនៅក្នុងប្រទេសខ្មែរតែម្តង។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយក្រសួងសុខាភិបាល មានការគ្របគ្រងគ្លីនិកឯកជន និងកន្លែងលក់ថ្នាំពេទ្យអោយត្រឹមត្រូវ។ ហើយម៉្យាងវិញទៀត គឺទាំងមន្ទីរពេទ្យរដ្ឋ និងឯកជនសូមកុំដណ្តើមអ្នកជំងឺគ្នា ជាក់ស្តែងកន្លងទៅនេះមានករណីខ្លះ មានជម្ងឺបានមកព្យាបាលនៅមន្ទីរពេទ្យឯកជន ហើយដល់ពេលដែលឯកជនព្យាបាលមិនជា ក៏បានបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរដ្ឋ ហើយដោយសារអ្នកជម្ងឺកាន់តែធ្ងន់ធ្ងរពេកនោះក៏បណ្តាលអោយអ្នកជម្ងឺស្លាប់នៅមន្ទីរពេទ្យរដ្ឋតែម្តង ដែលពេលនោះក៏ចាប់ផ្តើមបន្ទោសដល់មន្ទីរពេទ្យរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយមានការគោរពទៅលើក្រមសីលធម៌វិជ្ជាជីវៈពេទ្យអោយបានត្រឹមត្រូវ ជាពិសេសកន្លែងលក់ថ្នាំពេទ្យក៏ដូច្នេះដែរ គឺត្រូវតែមានការយកចិត្តទុកដាក់អោយបានច្បាស់លាស់ ត្រូវមានច្បាប់ទំលាប់ត្រឹមត្រូវ និងលក់អោយត្រូវទៅតាមប្រភេទជម្ងឺ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អំពាវនាវសារជាថ្មីទៀតអោយគ្រូពេទ្យទាំងអស់ត្រូវតែគោរពវិជ្ជាជីវៈពេទ្យ មិនត្រូវប្រងើយកន្តើយចំពោះអ្នកជំងឺឡើយ កុំយកលុយជាធំ គឺត្រូវយកការជួយសង្គ្រោះជាធំ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមនិស្សិត និងក្រុមគ្រូពេទ្យមួយចំនួនដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យមនុស្សធម៌ តាមរយៈការធ្វើកម្មភាពចុះការព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃនៅតាមទីជនបទដាច់ស្រយាលនានា ដូចជាសកម្មភាពមនុស្សធម៌នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងសកម្មភាពពេទ្យស្ម័គ្រចិត្តផ្សេងៗមួយចំនួនទៀត។
នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនដល់ប្រជាពលរដ្ឋអោយបានជ្រាបថា នៅថ្ងៃទី១៨ ធ្នូខាងមុខនេះ កម្ពុជាយើងនឹងមានការរៀបចំសមយុទ្ធកងទ័ព រវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ទាក់ទងទៅនឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែន។ គោលបំណងនៃការធ្វើសមយុទ្ធនេះ គឺចង់បង្ការការពារប្រជាពលរដ្ឋយើងអោយផុតពីគ្រោះថ្នាក់ក្នុងហេតុការណ៍ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុណាមួយដូចជា គ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ…។ល។ ដូច្នេះតាមរយៈការធ្វើសមយុទ្ធនេះ សូម បងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំអំពីទំនាក់ទំនងរវាងកម្ពុជា នឹងប្រទេសជិតខាងអោយសោះពីព្រោះនេះគឺជាការធ្វើសមយុទ្ធដើម្បីបង្ការការពារនូវសេចក្តីសុខ ជូនដល់ប្រជាពលរដ្ឋយើងតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូននិស្សិតអំពីការបញ្ចប់ទាំងស្រុងនូវសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ក្រោយពីសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ជាមួយនឹងគោលដៅពីរសំខាន់ៗដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិគឺ ទី១)ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់ អោយទៅជាតំបន់ដែលមានសុខសន្តិភាព ទីជាកន្លែងទីផ្សារពាណិជ្ជកម្ម កន្លែងកសិកម្ម និងទី២)គឺប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងទាំងអស់ អោយទៅជាព្រំដែនដែលមានសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នា។
ជាបណ្តាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺសូមអោយនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែងលើវិស័យសុខាភិបាលនេះអោយបានរិតតែខ្លាំងទៀត ដើម្បីអោយកម្ពុជាសម្បូរធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពពិតប្រាកដ ហើយ សម្តេចតេជោ បានចូលរួមអបអរសាទរចំពោះជ័យលាភី និងអាណាព្យាបាលទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅពេលនេះ នឹង សូមជូនពរអោយក្មួយៗ ទទួលបានការងារ និង ជោគជ័យថ្មីៗជាបន្តបបន្ទាប់ទៀត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី និងបានថតរូបអនុស្សាវរីយ៍ជាមួយក្មួយៗនិស្សិតក្នុងបរិយាកាសរីករាយបំផុត៕