ភ្នំពេញ៖ ក្រោយពីបានចេញផ្សាយបញ្ជីឈ្មោះស្ត្រីដ៏មានអំណាចបំផុតប្រចាំទ្វីបអាស៊ី ទស្សនាវដ្តី Forbes បានប្រកាសបញ្ជីឈ្មោះស្ត្រីដ៏មានអំណាចបំផុតទាំង១០០របស់ពិភពលោក ខណៈដែលលោកស្រី Nguyen Thi Phuong Thao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Vietjet គឺជាមនុស្សតែម្នាក់ដែលតំណាងឲ្យប្រទេសវៀតណាម សម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។
បើយោងទៅតាមទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ទ្រព្យសម្បត្តិសរុបរបស់សេដ្ឋីនីរូបនេះ មានចំនួនប្រមាណជា២,៧ពាន់លានដុល្លារអាមេរិក ដែលនាំឲ្យលោកស្រីក្លាយជាស្ត្រីវៀតណាមតែម្នាក់ដែលស្ថិតក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes។ លោកស្រីក៏ជាប្រធានក្រុមហ៊ុនពហុសាជីវកម្ម Sovico Group ធនាគារ HDBank និងក្រុមហ៊ុនអចលនទ្រព្យជាច្រើនផ្សេងទៀត ផងដែរ។
Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងប្រទេសវៀតណាម និងកំពុងតែសម្លឹងរកការបង្កើនការរីកចម្រើននៃអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្រៅប្រទេស តាមរយៈការពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនពីប្រទេសវៀតណាម ទៅកាន់កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហុងកុង និងតៃវ៉ាន់។
បញ្ជីឈ្មោះស្ត្រីដ៏មានអំណាចបំផុតក្នុងពិភពលោក ដែលត្រូវបានប្រកាសដោយទស្សនាវដ្តី Forbes រួមមាន ស្រ្តីក្នុងអាជីវកម្ម ហិរញ្ញវត្ថុ បណ្តាញសារព័ត៌មាន នយោបាយ សប្បុរសធម៌ អង្គការនានា និងបច្ចេកវិទ្យា ផងដែរ។ ការកំណត់ចំណាត់ថ្នាក់ប្រចាំឆ្នាំនេះ ត្រូវបានផ្អែកទៅលើចំណុចវិនិច្ឆ័យជាច្រើនដូចជា ទំហំនៃទ្រព្យសម្បត្តិ ការបង្ហាញមុខលើបណ្តាញសារព័ត៌មាន ការចូលរួមចំណែក និងឥទ្ធិពលអន្តរជាតិ។ ចំណាត់ថ្នាក់លេខ១នៅលើបញ្ជីរបស់ទស្សនាវដ្តី Forbes ធ្លាក់ទៅលើអធិបការបតីអាល្លឺម៉ង់គឺលោកស្រី Angela Merkel ដោយដេញតាមពីក្រោយដោយលោកស្រី Christine Lagarde នាយកគ្រប់គ្រងអង្គការមូលនិធិសាច់ប្រាក់អន្តរជាតិ (IMF) លោកស្រី Nancy Pelosi ប្រធានសហភាសហរដ្ឋអាមេរិក និងស្រ្តីជាអ្នកដឹកនាំជាច្រើនផ្សេងទៀត៕ វឌ្ឍនា