ដោយសារតែមានភាពតានតឹង នៅក្នុងសមុទ្រមេឌីទែរ៉ាណេ នាភាគខាងកើត ដែលសម្បូរទៅដោយប្រេង និងឧស្ម័ននោះ ទើបតួកគេបានបញ្ជូនយន្ដហោះគ្មានមនុស្សបើកបរយោធា ទៅកាន់តំបន់ភាគខាងជើង ប្រទេស Cyprus ។
កងទ័ពតួកគី បានបញ្ជូនយន្តហោះគ្មានមនុស្សបើកបរទៅកាន់តំបន់ភាគខាងជើង នៃប្រទេសស៊ីព្រូស (Cyprus) ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង ចំពោះកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ាជាមួយលីប៊ី ដែលបានពង្រីកការទាមទាររបស់ខ្លួនទៅកាន់តំបន់មេឌីទែរ៉ាណេ ភាគខាងកើតដែលសំបូរទៅដោយឧស្ម័ន។
សកម្មភាពរបស់តួកគី បានបង្កើនបញ្ហាក្នុងតំបន់ ជុំវិញកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដោយប្រទេសលីប៊ីរបស់នាយករដ្ឋមន្រ្តី លោក Fayez Al Sarraj ទាក់ទងនឹងដែនសមត្ថកិច្ច និងសន្តិសុខដែនសមុទ្រ។
ជាមួយគ្នានេះ កងទ័ពតួកគី កាលពីថ្ងៃទី១៦ ខែធ្នូ ម្សិលមិញ បានបញ្ជូនយន្ដហោះគ្មានមនុស្សបើកបរបំពាក់ដោយអាវុធ ប្រភេទ Bayraktar TB2 ទៅកាន់តំបន់ភាគខាងជើង នៃប្រទេស Cyprus ក្រោយពេលលោក Recep Tayyip Erdogan បានព្រមានថា តួកគី នឹងពង្រាយយន្ដរហោះគ្មានមនុស្សបើកបរ ដើម្បីរក្សាសន្ដិសុខដល់កិច្ចខិតខំប្រឹងប្រែងរុករកប្រេង និងឧស្ម័ន របស់តួកគី នៅក្នុងតំបន់នោះ។
ក្រុមអ្នកវិភាគ បានថ្លែងថា តួកគី កំពុងតបតវិញ ចំពោះកិច្ចប្រឹងប្រែងរបស់គូប្រជែង ដើម្បីទាមទារសិទ្ធិរុករក នៅតំបន់នោះ បន្ទាប់ពីប្រទេស Cyprus ក្រិក អេហ្ស៊ីប និងអ៊ីស្រាអែល បានដកតួកគី ចេញពី «វេទិកាឧស្ម័នមេឌីទែរ៉ាណេខាងកើត» ដែលរួមមានទាំងប្រទេសហ្សកដានី អ៊ីតាលី និងប៉ាឡេស្ទីន ផងដែរ។ សកម្មភាពទាំងនេះ បានកើតឡើង ក្រោយពេលលោក Abdel-Fattah El Sissi ប្រធានាធិបតីអេហ្ស៊ីប រិះគន់ជាសាធារណៈដ៏កម្រចំពោះរដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
អេហ្ស៊ីប បានទាត់ចោលនូវកិច្ចព្រមព្រៀង រុករកប្រេង និងឧស្ម័ន រវាងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី និងតួកគី។ អេហ្ស៊ី បានចាត់ទុកថា កិច្ចព្រមព្រៀងនោះ គឺជាការខុសច្បាប់ ហើយជាការឆ្លើយតបវិញនោះ អេហ្ស៊ីបបានបង្ហាញវត្តមានកងទ័ពជើងទឹករបស់ខ្លួន នៅតំបន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ។ ជាមួយគ្នានេះដែរ ប្រទេស Cyprus ក៏បានទាត់ចោលនូវកិច្ចព្រមព្រៀងនោះផងដែរ ហើយប្រទេសក្រិក ថែមទាំងបានបណ្ដេញឯកអគ្គរដ្ឋទូតលីប៊ី ចេញពីទីក្រុង Athen ថែមទៀតផង៕