ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំអ៊ីរ៉ង់នឹងបំពេញទស្សនកិច្ចទៅកាន់ជប៉ុន​

ចែករំលែក៖

កាលពីមុន ពេលអាមេរិកដាក់ទណ្ឌកម្មជាប៉ុនគឺជាប្រទេសទិញប្រេងពីអ៊ីរ៉ង់ ឈរលំដាប់លេខមួយ​ ។ ទំនាក់ទំនងប្រទេសទាំងពីរ មានភាពល្អប្រសើរ ដដែល បើទោះបីពេលនេះ ជប៉ុនឈប់ទិញប្រេងពីអ៊ីរ៉ង់ដោយសារតែ​ ទណ្ឌកម្មអាមេរិក ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសសាន រ៉ូហានី បានត្រៀមលក្ខណៈទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅប្រទេសជប៉ុន​។ ដំណើរទស្សនកិច្ចរបស់លោក រ៉ូហានី បានកើតឡើង ​ចំពេលអ៊ីរ៉ង់កំពុងតែរងការដាក់គំនាប ពីអាមេរិក និងសម្ពន្ធមិត្ត។

សារព័ត៌មានជាតិអ៊ីរ៉ង់​ IRNA ​បានដកស្រងការប្រកាសរបស់រដ្ឋលេខាធិការក្រសួងការបរ​ទេស​អ៊ីរ៉ង់ លោក​ Abbas Araghchi បានឲ្យដឹងថា​ ប្រធានាធិបតី រ៉ូហានី នឹងទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន​ នៅថ្ងៃទី​២០ ខែធ្នូ ខាងមុខនេះ។​ ប៉ុន្ដែដំណើរទស្សនកិច្ចនោះ មានតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ ក្នុងគោលដៅ បំបែកការឡោមព័ទ្ធ ពីអាមេរិក និងសម្ពន្ធមិត្ត​​ ក្រោយពេលអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀង បរមាណូ ហើយបង្កើនការដាក់​ទណ្ឌកម្មទៅលើ​ប្រទេសអ៊ីរ៉ង់​។

អ្នកនាំពាក្យរដ្ឋាភិបាល អ៊ីរ៉ង់​ បានលើកឡើងថា គោលដៅនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីទៅកាន់ប្រទេសជប៉ុន គឺដើម្បីពិភាក្សា ស្តីពីទំនាក់ទំនងសេដ្ឋកិច្ច ។ កាលពីខែមិថុនា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីជប៉ុន លោកអាបេ ក៏បានទៅបំពេញទស្សនកិច្ច នៅក្នុងបរទេសអ៊ីរ៉ង់ ដើម្បីពិភាក្សា​បញ្ចប់ការប្រឈមមុខដាក់គ្នា រវាងអាមេរិក និងអ៊ីរ៉ង់​ នៅក្នុងតំបន់ឈូងសមុទ្រ ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោកអាបេ ក៏មានទំនាក់ទំនងល្អទាំងជាមួយអាមេរិក និងអ៊ីរ៉ង់ ហើយលោកនឹងខិតខំជួយកាត់បន្ថយភាពតានតឹង រវាងប្រទេសទាំងពីរ ។ កន្លងមក ជប៉ុនគឺជាអតិថិជន ធំ​បំផុត សម្រាប់ទិញប្រេង​ពីអ៊ីរ៉ង់ ប៉ុន្តែ​ជប៉ុន​បានផ្អាកវិញ ដោយសារតែ​ច្បាប់ទណ្ឌកម្មរបស់អាមេរិក​៕


ចែករំលែក៖