ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដង្កោបញ្ជាឲ្យម្ចាស់ក្រុមហុ៑នដឹកដីទាំងអស់ផ្អាកដំណើរការដឹក ខណៈប្រជាពលរដ្ឋបានបិទផ្លូវមិនឲ្យឆ្លងកាត់

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់ក្នុងមូលដ្ឋានខណ្ឌដង្កោ បានសម្រេចចិត្តលើកគ្នាមកបិទផ្លូវរេរាំងមិនឲ្យរថយន្តដឹកដីបើកបរឆ្លងកាត់បន្តទៀត ដោយសារទ្រាំនឹងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងពិបាកក្នុងការធ្វើដំណើរ និងការរស់នៅ ។

ប្រតិកម្មរបស់ប្រជាពលរដ្ឋខាងលើមានការភ្ញាក់ផ្អើលដល់អាជ្ញាធរខណ្ឌ និងបង្កការកក់ស្ទះយ៉ាងខ្លាំង កាលពីវេលាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចផ្លូវលំ​ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមមន្ត្រីសាលាសង្កាត់សាក់សំពៅបានបង្ហើបឲ្យដឹកថា ម្ចាស់ក្រុមហុ៑នធំដែលមានរថយន្តដឹកដីធ្វើឲ្យផ្លូវខូចខាតសាធារណៈ និងមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានចំនួន ២ គឺក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀមុី និងមាន៣ទៅ ៤ក្រុមហុ៑នទៀតផងដែរ ។

តាមសម្តីប្រជាពលរដ្ឋដែលឈរបិទផ្លូវបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ពិបាកក្នុងការរស់នៅ ដោយសារមួយថ្ងៃៗរថយន្តដឹកដីបានបើកបរឆ្លងកាត់លឿនៗ ហើយហុយដី ពេលខ្លះហូបបាយស្ទើមិនព្រផះដីហុយចូល ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរខណ្ឌមេត្តាជួយណែនាំក្រុមហុ៑នដឹកដីទាំងអស់ឲ្យបើកបររថយន្តយឺតៗ ហើយក្រោបឲ្យបានត្រឹមត្រូវ ជាពិសេសសូមជួយស្រោចទឹកលើដងផ្លូវផងកុំឲ្យហុយទ្រលោ បែបនេះទៀត ។

ក្រោយមានបាតុភាពបិទផ្លូវបែបនេះលោក ជ គឹមសរ អភិបាលរងខណ្ឌដង្កោបានដឹកនាំកម្លាំងចុះអន្តរាគមន៍សម្របសម្រួលជាមួយប្រជាពលរដ្ឋឲ្យបើកផ្លូវដំណើរធម្មតា និងសម្រេចឲ្យផ្អាកការដឹកដី ហើយបានហៅម្ចាស់ក្រុមហុ៑នទាំងអស់មកធ្វើការណែនាំ ៕ ភារ៉ា ដង្កោ


ចែករំលែក៖