ភ្នំពេញ៖ រឿងរ៉ាវរបស់លោក សារុន វិថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT រង្វង់មូលគួរស្រូវ ជាប់ផ្លូវជាតិលេខ២ ក្នុងខណ្ឌដង្កោ និង ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ កំពុងល្បីរន្ទឺកាន់តែខ្លាំងក្លា ពេញបណ្តាញសង្គម ដោយសារតែសកម្មភាពដ៏ព្រហើន នៃការចាប់ព្រួតវៃគ្រូបង្រៀនម្នាក់ ដោយចោទប្រកាន់ទាំងគ្មានភស្តុតាង ថា បានលួចថតរូបនារីក្នុងបន្ទប់ទឹក ។
នៅពេលនេះ មហាជនកំពុងរង់ចាំមើលថា តើច្បាប់អាចចាត់ការដោយតម្លាភាពលើ លោក សារុន វិថូរ៉ាត់ និង កូនចៅរបស់គាត់ បានដែរឬទេ ? ខណៈលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងនេះមកតុលាការ ។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ នៅវេលាថ្ងៃត្រង់ទី១៨ ខែធ្នូ នេះ ថា លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងនេះមកតុលាការ ។
ទោះបីយ៉ាងណា ព័ត៌មានលម្អិត អ្នកនាំពាក្យរូបនេះ បដិសេធមិនធ្វើអត្ថាធិប្បាយទេ ព្រោះជាការសម្ងាត់នៃការស៊ើបអង្កេត ។
ដោយឡែក លោក អ៊ឹម សិរីរដ្ឋ ជាគ្រូបង្រៀនមួយរូប បានចោទប្រកាន់លោក សារុន វិថូរ៉ាត់ ថៅកែការ៉ាសសាំង PTT រង្វង់មូលគួរស្រូវ ជាប់ផ្លូវជាតិលេខ២ ក្នុងខណ្ឌដង្កោ និង ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ ថាបាន បញ្ជាអោយកូនចៅជាច្រើននាក់ព្រួតវៃលោកស្ទើរស្លាប់ ដោយចោទប្រកាន់ថា បានលួចថតរូបអាក្រាតស្ត្រីក្នុងបន្ទប់ទឹក ។
លោក អ៊ឹម សិរីរដ្ឋ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Em Sereyrath MA សរសេរនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ដោយមានខ្លឹមសារទាំងស្រុងថា ៖
ខ្ញុំបានចេញពីមន្ទីរពេទ្យវិញហើយ !
សូមរលឹកកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែលជា ៨ យប់ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះ (តាកែវ) ។ លុះមកដល់ចំណុចគួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែខ្ញុំបានចូលបន្ទប់ទឹកសិន ។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៍ចូលបន្ទប់ទឹកនារី ពេលចូលទៅដល់ទើបបានដឹង ហើយក៍រៀបដើរចេញមកវិញ ស្រាប់តែមានបុរសៗស្រែកថា “រ៉ែងធ្វើអី” ។
ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់ ។ (សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលូចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៍មិនមែនថ្ងៃទី ១៦ ធ្នូដែរ) ។ បក្សពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ ។ ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ ។ ថៅកែរូបនោះបានសំឡុតសួរខ្ញុំថា តើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុងទេ ហើយក៍គ្មានអ្នកណាជួលដែរ ។ ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់ ។ តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ។ ទីបំផុត ប៉ូលីសបានមកដល់ ។
សូមបញ្ជាក់ថា “បើប៉ូលីសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់” ។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរសារនេះដើម្បីកុំឲ្យសាធារណ:ជនស្តាប់តែម្ខាងៗ ។ ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេតុការណ៍នេះ ។
១. បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលីស ព្រោះប្រទេសមានច្បាប់ ។
២. ការប្រើអំហិង្សា(ឲ្យកូនចៅវាយខ្ញុំដូចសត្វ) ជាបទល្មើសព្រហ្មទណ្ឌ ។ ថៅកែដឹងច្បាប់តែបំពានច្បាប់បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។
៣. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ទង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេច ស្មើនឹងបំពានសម្តេច។
៤. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយ ព្រះករុណាជីវិតដំកល់លើត្បូង នរោត្តម សីហមុនី ។ ទង្វើរបស់ថៅកែមកលើខ្ញុំ គឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។
៥. ខ្ញុំបានប្រាប់ថា ខ្ញុំជាគ្រូបង្រៀនទេ មានរឿងអីនិយាយគ្នាបាន តែលោកថៅកែមិនបានប្រាប់ឲ្យកូនចៅឈប់វាយខ្ញុំទេ ។ ទង្វើរបស់លោកគឺមើលងាយគ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះក៍ដោយសារគ្រូបង្រៀនដែរ ៕ ចេស្ដា