ព័ត៌មានទាន់ហេតុការណ៍៖

នាយ ក្រូច បញ្ជាក់ពីរឿង នាយចឺម ត្រូវ អតីតកីឡាករបាល់ទាត់វាយនឹងឈើជ្រុងដេរក្បាល៥ថ្នេរ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជនក្រោយពីដំណឹងថាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោកសុខ មេសា ហៅនាយចឺមត្រូវបានបុរសម្នាក់ដែលគេស្គាល់ថាជាអតីតកីឡាករបាល់ទាត់បាន យកកំណាត់ឈើជ្រុងវាយបណ្ដាលឲ្យរងរបួសក្បាល ដៃ និងជើង ដោយចោទតារាចម្រៀងរូបនេះ បានឆាតទៅញ៉ែសង្សាររបស់ខ្លួន ។ នាយក្រូចជាពូទទួលស្គាល់ថាជារឿងពិតដែលនាយចឺមត្រូវគេវាយ ប៉ុន្តែការដែលគេចោទថាញ៉ែសង្សារគេគឺសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត ។

អំពើហិង្សាទៅលើអតីតតារាកំប្លែងរូបនេះ បានកើតឡើង វេលាម៉ោង៤ និង២០នាទីល្ងាចនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ គេស្គាល់ថាជាអតីតកីឡាករបាល់ទាត់មួយរូប ធ្លាប់លេងជាច្រើនក្លឹបដូចជាបឹងកេត ក្រសួងការពារជាតិ និងក្លឹបលីកទី៤ថៃ បច្ចុប្បន្នមានមុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន បានយកកំណាត់ ឈឺ ប្រវែងប្រហែល០,៥ម៉ែត្រមក វាយ ជនរងគ្រោះ ឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ បណ្តាល ឲ្យមានមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលចំនួន ៥ថ្នេរ (ធ្ងន់) ព្រមទាំងបណ្ដាលឲ្យបែកទូរស័ព្ទម៉ាក IphoneX ចំនួន ១ គ្រឿងរបស់ជនរងគ្រោះ (ខូចទាំងស្រុង) ។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ដោយសារជនសង្ស័យប្រច័ណ្ឌ នឹងជនរងគ្រោះ រឿងឆាតទៅរកសង្សាររបស់ខ្លួន ។

មិនទាន់ទទួលបានការបញ្ជាក់យ៉ាងណានៅឡើយពីម្ចាស់បទ នារក៨ជាន់ នាយចឺម នោះបាននៅឡើយទេ ខណៈទូរស័ព្ទចូលប៉ុន្តែគ្មានអ្នកទទួល ។ ប៉ុន្តតាមការបញ្ជាក់របស់នាយក្រូចជាពូ បានលើកឡើងថា រឿងនេះគឺជារឿងពិត ខណៈសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត ។ លោកថា ហេតុការណ៍នេះកើតក្រោយពេលដែលនាយចឺម និងលោកត្រូវបានមិត្តភ័ក្កិអញ្ជើញឲ្យចូលរួមក្នុងពិធីខួបកំណើតមួយ ។

លោកថាដោយការស្រលាញ់រាប់អានលោក និងនាយចឺមបានទៅចូលរួម ប៉ុន្តែរថយន្តរបស់លោកខួចទើបត្រូវនៅត្រឹមខេត្តបាត់ដំបង ទើបលោកទុករថយន្តចោលហើយវិលមកភ្នំពេញដើម្បីចូលរួមកម្មវិធីនៅភ្នំពេញវិញ ខណៈនាយចឺមបានទៅចូលរួមដោយផ្ទាល់ហើយក៏ជួបហេតុការណ៍បែបនេះ ។ លោកថា ទូរស័ព្ទរបស់នាងចឺមរវល់រហូតព្រោះមានអ្នកទាក់ទងទៅច្រើនដែលលោកពិបាកនឹងទំនាក់ទំនង ។

លោកថា តាមដំណឹងបឋមសកម្មភាពនៃវាយធ្វើបាបនេះត្រូវបានថតជាប់ដោយកាំមេរ៉ាសុវត្ថិភាពផងដែរ ហើយសម្រាប់ការចោទថានាយចឺមផ្ញើសារទៅញ៉ែសង្សារគេ ឬមួយក៏គេឆាតញ៉ែគាត់មុនឬក៏យ៉ាងណាហើយថាតើកំហុសរបស់ខាងណាឲ្យពិតបា្រកដ ។ លោកអរគុណចំពោះទស្សនិកជនដែលបារម្ភគាំទ្រលោក និងក្រុមគ្រួសារ ៕ វឌ្ឍនា


ចែករំលែក៖