ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះឈើមួយខ្នងផ្អើលទាំងព្រឹកគ្រាដែលម្ចាស់ផ្ទះមិននៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: អគ្គិភ័យបានឆាបឆេះទាំងស្រុង (ផ្ទះថ្មក្រោមឈើលើ)មួយខ្នងរយៈពេលសឹងមិនបាន១៥នាទីផង ធ្វើឲ្យផ្ទះនេះនៅសល់តែផែះនិងធ្យូង ព្រោះតែឆ្លងចរន្តអគ្គិសនី ។

ឧបទ្ទវហេតុនេះកើតឡើងនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

មន្រ្តីនគរបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅគ្រាដែលម្ចាស់ផ្ទះបិទទ្វារ រួចចេញទៅធ្វើការរកស៊ីនៅខាងក្រៅបាត់ ក្នុងផ្ទះនេះបានឆ្លងចរន្តអគ្គិសនីក្លាយជាអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅពេញបន្ទុកតែម្តង ។ ប៉ុន្តែភ្លាមនោះ ត្រូវបានក្រុមបង្ការ និងពន្លត់អគ្គិភ័យ ក្រុងសិរីសោភ័ណ ចេញរថយន្តពីរគ្រឿងទៅបាញ់ទឹកពន្លត់ក្នុងរយៈពេលជិត១៥នាទី ទើបភ្លើងរលត់ជាស្ថាពរ គ្រាដែលផ្ទះ និងទ្រព្យសម្បត្តិក្នុងផ្ទះក្លាយជាចំណីព្រះអគ្គី ស្ទើទាំងស្រុងទៅហើយនោះ ។

យ៉ាងណាក្នុងករណីនេះ លោកអធិការនគរបាលក្រុងសិរីសោភ័ណបានអំពាវនាវដល់ងបងប្អូនប្រជាពលរដ្ឋថាភ្លើងជាតម្រូវការចាំបាច់នូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្ស ប៉ុន្តែសូមមានការប្រុងប្រយ័ត្ន គ្រប់ពេលមុនពេលចេញពីផ្ទះ ត្រូវបិទភ្លើង បិទទឹក ពន្លត់ភ្លើង ធូប ទៀន ភ្លើងចង្ក្រាន ។​ក្រោយពេលដុតភ្លើងចម្អិន អាហារក៏ ត្រូវពន្លត់ឲ្យអស់ រួចចាំចាកចេញទៅក្រៅ ចៀសវាងមានឧបទ្ទវហេតុដូចខាងលើនេះ ពិតជាគួរឲ្យសោកស្តាយណាស់ ៕ ប្រាថ្នា


ចែករំលែក៖