ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរង្វាន់ស្រាបៀរកម្ពុជា២៤កំប៉ុងដូរមកផឹកម្នាក់ឯងរហូតដល់ស្រវឹងដេកគងដៃលើផ្លូវដែកត្រូវរថភ្លើងដាច់ដៃម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រារង្វាន់១កេសម្នាក់ឯង បណ្ដាលឲ្យស្រវឹងធ្លាក់ភ្នែករួចបានទៅដេកនៅលើផ្លូវដេកលង់លក់ អត់ដឹងខ្លួន ខណៈនោះមានរថភ្លើង១ខ្សែទៅដល់កិនបណ្ដាលឲ្យដាច់ដៃម្ខាង និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវដែក រ៉ាអង្គតាភោក ស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសខាងលើត្រូវបានស្គាល់ឈ្មោះ ចិន អាយុ៣៧ឆ្នាំ ជាជនអនាថា មានមុខរបរជួយលក់ឩសអ្នកភូមិ ស្នាក់នៅក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់រងរបួសដាច់ដៃខាងឆ្វេង ។

អ្នកភូមិបាននិយាយថា នៅវេលាល្ងាចថ្ងៃទី១៨ ខែធ្នូ បុរសរងគ្រោះបានទិញស្រាបៀរកម្ពុជា១កំប៉ុងយកមកផឹកលុះគាស់ក្រវិលកំប៉ុងស្រាប់តែត្រូវរង្វាន់២៤កំប៉ុងស្មើរ និង១កេស ពេលនោះគាត់បានទៅដូរយកមកផឹកសុីម្នាក់ឯងនៅកន្លែងស្នាក់នៅ ។ លុះយប់បន្តិចបានប្ដូរទៅបន្តផឹកក្បែរផ្លូវរថភ្លើង ដោយ១កេសផឹកតែម្នាក់ឯប៉ុណ្ណោះ បន្ទាប់ពីផឹកអស់ស្រវឹងធ្លាក់ភ្នែកគាត់ក៏បានដេកលង់លក់ដោយយកដៃគងលើផ្លូវដែក ។ លុះដល់ពេលកើតហេតុមានរថភ្លើង១ខ្សែធ្វើដំណើរមកពីខេត្តកំពចូលរាជធានីភ្នំពេញ បើកបរទៅដល់កិន បណ្ដាលឲ្យដាច់ដៃតែម្ដង ខណៈនោះគាត់បានស្រែកឲ្យអ្នកជិតខាងជួយទើបមានការភ្ញាក់ផ្អើលទាំងព្រឹក ។

បន្ទាប់មកនគរបាលប៉ុស្តិ៍កាកាបទី២បានចុះទៅកាន់កន្លែងកើតហេតុជួយហៅរថយន្តពេទ្យដើម្បីដឹកទៅសង្រ្គោះដែរ តែមិនមានរថយន្តពេទ្យណាមួយទៅទេ ទើបអ្នកភូមិយកម៉ូតូកង់បីដឹកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។ លុះពេលដឹកទៅដល់មន្ទីរពេទ្យបង្អែកដោយរបួសធ្ងន់ពេកគ្រូពេទ្យបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដោយបានយកដៃដែលដាច់ទៅជាមួយដើម្បីឲ្យគ្រូពេទ្យជួយតភ្ជាប់ឡើងវិញ ប៉ុន្តែពុំដឹងថា អាចតបានឬមិនបានឡើយ ៕ សុខាសែនជ័យ


ចែករំលែក៖