ព័ត៌មានទាន់ហេតុការណ៍៖

“កុំងាកក្រោយ”​កាន់តែលេចការគាំទ្រខ្លាំងមុនកៀកថ្ងៃចាក់បញ្ចាំង

ចែករំលែក៖

ភ្នំពេញ៖ ក្រោយបញ្ចេញវីដេអូខ្លី(Trailer) របស់រឿង “កុំងាកក្រោយ” របស់ផលិតកម្មGalaxy Navatra នោះកាន់តែធ្វើឲ្យអ្នកគាំទ្រភាពយន្តខ្មែរអន្ទះសាររង់ចាំទស្សនាភាពយន្តមួយនេះ ។ ការរង់ចាំ ព្រោះតែភាពយន្តនេះបានបង្ហាញពីរសជាតិថ្មី និងលេចចេញលក្ខណៈពិសេសមួយចំនួនផងដែរ ។

រឿង “កុំងាកក្រោយ” គឺជា ស្នាដៃដឹកនាំថ្មីរបស់ផលិតករពោរពេញដោយទេពកោសល្យ លោក ចាន់ណា រ៉ូណាន នោះ និងត្រូវចាក់បញ្ចាំងនៅថ្ងៃទី២៦ ខែធ្នូនេះហើយ បន្ទាប់ពីការផលិតភាពយន្តនេះយ៉ាងសម្រិតសម្រាំងអស់ជាច្រើនខែ ។ ជាភាពយន្តខ្នាតធំបែបកំប្លែង ភ័យរន្ធត់ កម្សត់ លាយបញ្ចូលគ្នា ។ ចេញ វីដេអូផ្សព្វផ្សាយ (Trailer )ទាំងផ្សព្វផ្សាយដោយផលិតកម្ម និងរោងភាពយន្តក្នុងស្រុកទទួលបានការចូលទស្សនាជាច្រើនដងជាមួយ និងពាក្យពោលសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រ ។ ភាពយន្តនេះបានកំណត់ថ្ងៃចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះនៅគ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តនានាជាច្រើនទៀតនៅកម្ពុជា ។ នេះបើយោងតាមការបញ្ជាក់របស់លោក ចាន់ណា រ៉ូណាន់ អ្នកនិពន្ធ និងដឹកនាំរឿងបានលើកឡើង ។ លោក រ៉ូណាន បញ្ជាក់ថា ជាស្នាដៃដែលលោកបានដាក់ចិត្តដាក់បេះដូង កម្លាំងកាយចិត្តរួមគ្នាជាមួយសិល្បករ និងក្រុមការងារដើម្បីបង្កើតឲ្យបានភាពយន្តដែលមានគុណភាព និងបំពេញចិត្តទស្សនិកជន ។ ទោះឆ្លងកាត់ការលំបាក ពិសេសការថតរហូតដល់យប់ជ្រៅ ទីតាំងនៅខេត្តបាត់ដំបង ប៉ុន្តែក្រុមការងារ សិល្បករ ពិតជាសប្បាយចិត្តដែលស្នាដៃមួយនេះត្រៀមចាក់បញ្ចាំង ។

គួរបញ្ជាក់ដែរថា ភាពយន្តនេះចូលរួមសម្តែងដោយ តារាសម្តែងជាច្រើនរូបរួមគ្នាមានដូចជាលោក ទ្រី តារាវុធ កញ្ញា ឆាយ នីតា លោក ជា លាងឈែ លោក ភីម៉ៃ លោកស្រី អ៊ុំ សក្ខណា និងតារាសម្តែងជាច្រើនរូបទៀត ៕ វឌ្ឍនា


ចែករំលែក៖