ខេត្តកណ្ដាល៖ ស្ត្រីសង្ស័យម្នាក់មានទំនាស់ពាក្យសម្តីគ្នាជាមួយប្អូនថ្លៃរបស់ខ្លួនព្រោះតែរឿងយកស្លាកយីហោមកដាក់ក្បែរបងព្រំដីជាប់គ្នា រហូតមានការប្រតាយប្រតប់គ្នាទៅវិញទៅមក ឈានដល់ស្ត្រីសង្ស័យបានយកកែវនៅក្បែខ្លួនវាយទៅលើជនរងគ្រោះជាប្អូនថ្លៃ បណ្ដាលឲ្យរបួសក្បាលយ៉ាងដំណំ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កឺ គីម៉េង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកងរាជអាវុធហត្ថ ។ ចំណែកជនសង្ស័យឈ្មោះ ប្រាក់ ណារី ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ។ ជនរងគ្រោះ និងស្ត្រីសង្ស័យមានទីលំនៅភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះដែលត្រូវជាប្អូនថ្លៃនៅផ្ទះជាប់គ្នា បានយកផស្លាកយីហោផ្ទះសំណាក់មានមាន មកដាក់នៅមុខផ្ទះជាប់ព្រំដីគ្នា ភ្លាមនោះស្រាប់ស្ត្រីសង្ស័យដែលត្រូវជាបងថ្លៃបានស្តីបន្ទោសថាដាក់បាំងកន្លែងខ្លួនរកស៊ីលក់ដូរមិនកើត ទើបកើតជាជម្លោះទាស់ពាក្យសំដី រហូតដល់មានការវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ឈានដល់ធ្វើឲ្យស្ត្រីសង្ស័យយកកែវដែលកាន់ជាប់ដៃស្រាប់ វាយចំក្បាលជនរងគ្រោះបណ្តាលឲ្យរយះពីរកន្លែង និងរលាត់កែងដៃខាងស្តាំ រីឯជនសង្ស័យមានរបួសរលាត់កែងដៃ និងជង្គង់ខាងឆ្វេងផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើង មកសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ រួចអន្តរាគមន៍ឃាត់ខ្លួនស្ត្រីសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍ដើមមៀន កសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ