ខេត្តសៀមរាប៖ មន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការនគរបាលខេត្តសៀមរាប បានអះអាងថាស្ត្រីមួយរូបដែលយកដង្កៀបចាប់ភ្លើងវាយកូនទើបអាយុ៤ឆ្នាំ មិនបានលេងល្បែងដូចការបង្ហោះនៅក្នុង Facebookនោះទេ ។ ការអះអាងនេះបន្ទាប់ពីមានFacebookបានបង្ហោះថាម្តាយចាញ់បៀរអស់ខឹងកូនចាក់អង្ករលេងចាប់កូនវាយជាំពេញខ្លួនហើយម្តាយក្មេងនោះបានយកដែកមកវាយក្មេងនោះចំក្បាល ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពីមានការបង្ហោះបែបនេះកម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានបានចុះស្រាវជ្រាវរកអាស្រ័យដ្ឋានរបស់ស្ត្រីនោះចាប់ពីពេលរសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩រហូតដល់ម៉ោងប្រមាណ១០ និង៣០នាទីយប់ ទើបរកផ្ទះស្ត្រីនោះឃើញ គឺស្ថិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ប៉ុន្តែម្ចាស់ផ្ទះមិនបាននៅឡើយ ។ នគរបាលបន្តថាខណៈពេលដែលម្ចាស់ផ្ទះមិននៅ ស្របពេលដែលវេលាយប់ផងនោះ ក្រុមសមត្ថកិច្ចបានផ្ដាំផ្ញើដល់អ្នកជិតខាង នៅពេលឃើញម្ចាស់ផ្ទះ សូមប្រាប់គាត់ឲ្យចូលខ្លួនស្រាយបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម នៅថ្ងៃទី១៩ ខែធ្នូ ជាកំណត់ ។
បើតាមមន្ត្រីនគរបាលបានបញ្ជាក់ថា លុះវេលាម៉ោង០៨ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ត្រីដែលជាប់សង្ស័យថាបានវាយកូនស្រីខ្លួនឯង បានចូលមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ដែលស្ត្រីរូបនោះឈ្មោះ ម៉ី រ៉ាវី អាយុ១៩ឆ្នាំ មានមុខរបរស៊ីឈ្នួលលាងចាន ។ ដោយស្ត្រីឈ្មោះ ម៉ី រ៉ាវី បានប្រាប់សមត្ថកិច្ចថា រូបគាត់មិនបានលេងបៀរចាញ់ រួចវាយធ្វើបាបកូនរបស់គាត់ដូចអ្វីដែលគេបង្ហោះនៅលើបណ្ដាញសង្គមនោះឡើយ ។ ស្ត្រីបន្តថាមូលហេតុដែលធ្វើឲ្យគាត់ជ្រុលដៃវាយកូនរបស់គាត់ដោយដង្គៀបចាប់ភ្លើងនោះ គឺដោយសារតែខឹងនឹងកូនរបស់គាត់ គឺកូនទី០២ ឈ្មោះ យឺម រក្សា ភេទស្រី អាយុ៤ឆ្នាំ បានចាក់អង្ករលេងធ្វើឲ្យទទឹក ។
ស្ត្រីជាម្ដាយឈ្មោះម៉ី រ៉ាវី បានបំភ្លឺថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៣ រូមគាត់ និងកូន២នាក់ បានដេកបំបៅកូននៅលើអង្រឹង ។ ចំណែកកូនឈ្មោះ រក្សា ឲ្យគេងនៅក្រោមអង្រឹង ប្រហែលកន្លះម៉ោងក្រោយកូនដែលកំពុងបំបៅបានភ្ញាក់ ហើយគាត់ក៏ភ្ញាក់ ហើយបានរកកូនឈ្មោះ រក្សា ស្រាប់តែឃើញគេកំពុងលេងអង្ករជាមួយទឹក បណ្ដាលឲ្យអង្ករសើមអស់ ហើយគាត់គិតថាវាដួសលេងបន្តិច ប៉ុន្តែពេលបើកធុងអង្ករមើលដែលមានចំនួន៧គីឡូក្រាម ត្រូវសើមទាំងអស់ ឃើញទឹកពេញធុង បណ្ដាលឲ្យគាត់មានចិត្តខឹងខ្លាំងពេក បានទាញដង្កៀបចាប់ភ្លើងពីដៃកូនដែលកំពុងលេង យកមកវាយចំនួន៣ដង្កៀប ត្រូវជើងឆ្វេង ហើយដៃឆ្វេងចំនួន៣ដង្កៀប ធ្វើឲ្យកូនរើបម្រាស់ ។
អ្នកស្រី ម៉ី រ៉ាវី បានបំភ្លឺទៀតថា បន្ទាប់មកឈប់វាយ គាត់បានឲ្យកូនដេកលើអង្រឹងវិញ ហើយបានចេញមកអង្គុយលេងជាមួយអ្នកជិតខាង នៅខាងក្រៅផ្ទះ ក៏ត្រូវបានចាស់ទុំប្រដៅណែនាំ ។ ដែលពេលនោះធ្វើឲ្យគាត់មានការស្ដាយក្រោយជាខ្លាំង ។ បន្ទាប់មកដើរចូលទៅក្នុងផ្ទះវិញ ដើម្បីយកប្រេងកូឡាមកលាបលើស្នាមរបួស ពេលនោះទើបគាត់ដឹងថា មានស្នាមរបួសក្រោយខ្នងចំនួន២ដង្កៀបទៀត និងមានស្នាមជាំនៅលើក្ដោងច្រមុះ ។ បន្ទាប់មកគាត់បានដាក់ដាំបាយដោយយកអង្ករដែលសើមមកចំអិន ដើម្បីយកមកស្អំលើរបួសស្នាម ។
សូមបញ្ជាក់ផងដែរថា អ្នកស្រី ម៉ី រ៉ាវី មានកូនចំនួន០៣នាក់នៅក្នុងបន្ទុក គឺកូនទី០១ ឈ្មោះ យឺម រ៉ាយុ ភេទប្រុស អាយុ៥ឆ្នាំ មិនទាន់បានចូលរៀន , កូនទី០២ ឈ្មោះ យឺម រក្សា ភេទស្រី អាយុ៤ឆ្នាំ និង កូនទី០៣ ឈ្មោះ យឺម សារ៉ាក់ ភេទប្រុស អាយុ៨ខែ មានមុខរបរដើរស៊ីឈ្នួលលាងចាន ឬជួយលក់ដូរ ដើម្បីបានកម្រៃខ្លះមកចិញ្ចឹមខ្លួន និងក្រុមគ្រួសារ ចំណែកប្ដីឈ្មោះ យឺម យន អាយុ៤០ឆ្នាំ មានមុខរបរធ្វើសំណង់ ។
ពាក់ព័ន្ធករណីនេះនគរបាលបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច អ្នកស្រី ម៉ី រ៉ាវី បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាលើកូនរបស់ខ្លួនហើយ ៕ ប៊ុនរិទ្ធី