ខេត្តក្រចេះ៖ សាកសពស្អុយរលួយជាបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅព្រៃអូរកាបាស់ក្បែរវាលស្រែ សង្ស័យខ្យល់គរ ខណៈដែលដើរដាក់អន្ទាក់សត្វព្រៃច្រើនថ្ងៃ ។
ហេតុការណ៍ប្រទះឃើញសាកសពស្អុយរលួយនោះ នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចអូរព្រៃកប្បាស ក្បែរវាលស្រែប្រជាពលរដ្ឋក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហម រិន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
ក្រោយពីទទួលបានសេចក្តីរាយការភ្លាមកម្លាំងជំនាញស្រុក និង កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចាម បានចុះទៅដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពដែលមានសភាពស្អុយរលួយ ទៅហើយ ទំនងស្លាប់ច្រើនថ្ងៃ ។
តាមការស្រាវជ្រាវ និងពិនិត្យជំុវិញកន្លែងកើតហេតុ និងតាមការបំភ្លឺពីចៅបង្កើតរបស់ជនរងគ្រោះ បានបញ្ជាក់ថា ជីតារបស់ខ្លួនបានផឹកស្រាជាប្រចាំ និងដើរដាក់អន្ទាក់សត្វព្រៃដោយគ្មានកំណត់ថ្ងៃទេ ។
ដោយបានពិនិត្យសប់គ្រប់ សមត្ថកិច្ច និងក្រុមគ្រួសារសន្និដ្ឋានកំណត់ថា សាកសពអាចស្លាប់ដោយសារតែខ្យល់គរមិនមានអ្នកណាដឹង ។
សមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ ក៏បានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារ និងសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត