ខេត្តពោធិ៍សាត់៖ តាមរបាយការណ៍លោកអធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា នាវេលាម៉ោង៧ និង៣០នាទី យប់ ថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏រន្ធត់មួយ ដែលបង្កឡើងដោយជនសង្ស័យឃាតកជាប្ដី មានមុខងារមន្ត្រីនគរបាលវរៈការពារព្រំដែនគោកលេខ ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រើកាំបិតភ្កាក់កាប់សម្លាប់ស្ត្រីជាប្រពន្ធខ្លួនឯង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួនដោយសុវត្ថិភាព ។ ករណីឃាតកម្មនេះបានកើតឡើង នៅផ្ទះក្រោយទីបញ្ជាការវរការពារព្រំដែនគោកលេខ ៨២៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
របាយការណ៍បានបញ្ជាក់ថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ឆន ជីវ័ន្ត អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ចំណែកជនសង្ស័យជាឃាតកឈ្មោះ អ៉ឹម ផល្លី (ហៅតឿ) អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅ ភូមិពាលញែក ឃុំផ្សារក្រោម ស្រុកបាកាន ខេត្តពោធិ៍សាត់ និងបច្ចុប្បន្ន រស់នៅក្នុងរោងស្នាក់នៅបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ។ បុរសជាប្តី ក្រោយពីផឹកស៊ីស្រវឹងកើតក្តីប្រចណ្ឌលើប្រពន្ធខ្លួនឯងបង្កជាជម្លោះ ហើយបាន យកយកកាំបិតផ្គាក់កាប់លើប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
តាមរបាយការណ៍ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយពីធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធហើយ ជនសង្ស័យបានយារកាំបិតផ្គាក់បម្រុងកាប់ម្ដាយក្មេកម្នាក់ទៀត ប៉ុន្តែម្តាយក្មេកបានគេចផុត ហើយស្រែកឆោឡោឲ្យគេជួយ ។ បន្ទាប់មក ជនសង្ស័យបានកាន់កាំបិតផ្គាក់រត់គេចខ្លួនតាមផ្លូវខាងក្រោយសំដៅចូលក្នុងព្រៃ ទៅទិសខាងកើត បាត់ទៅ ។
ករណីឃាតកម្មប្ដីកាប់សម្លាប់ប្រពន្ធខាងលើ សមត្ថកិច្ចជំនាញកំពុងការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ។ ចំណែកសាកសពស្រ្តីជាប្រពន្ធ សមត្ថកិច្ចជំនាញបានប្រគល់ឲ្យក្រុមគ្រួសារធ្វបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត ៕ ប៉ឹម ពិន