ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាននគរបាលសន្តិសុខផ្ទៃ ចាប់ខ្លួនអតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេសក្បែរស្តាតអូរឡាំពិក

ចែករំលែក៖

ភ្នំពេញ ៖ អតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេសដ៏ល្បីឈ្មោះ ដែលមានទីតាំងស្ថិតនៅខាងកើតពហុកីឡដ្ឋានជាតិអូរឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងបក្ខពួកម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងសំណុំរឿងពីបទ «ក្លែងបន្លំតាមពាក្យបណ្តឹងរបស់ឈ្មោះ គាន គឹមលាង» ។

ជនសង្ស័យដែលជាថៅកែយានដ្ឋានមែរសឺដេស ដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ ចាន់ វិទូ និងបក្ខពួកម្នាក់ទៀតឈ្មោះ ទួង សីហា ។ ដោយជនជាប់សង្ស័យទាំងពីរ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។

បើតាមដីការបស់ស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៅសាម៉ីខ្លួនឲ្យបង្ហាញមុខនៅនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ក៏ប៉ុន្តែដោយសារជនសង្ស័យរូបនេះមានបំណងចង់គេចវេសចំពោះដីកានោះ ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមុនការកំណត់តែម្តង ។

យោងតាមរាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឈ្មោះ ម៉ម បូព្រឹក ឈ្មោះ ហេង ចន្ថា ឈ្មោះ ខេង ឡែន ជា ស៊ាង ឈ្មោះ ម៉ៅ ស៊ីន្នី ឈ្មោះ ស៊ូ សុភី ឈ្មោះ កែវ ចាន់ធី ឈ្មោះ ចាន់ សុណន និងឈ្មោះ ចាន់ ម៉ារីណា បានរួមគ្នាដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន អូសិនណាអឺនធើណេសិនណល (OCEANA INTERNATIONAL Co.Ltd) ដែលមានទីតាំងស្ថិតនៅច្រកចូលសាលាខណ្ឌសែនសុខ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅក្នុងពាក្យបណ្តឹងនេះ ពួកគេបានធ្វើការអះអាងឡើងថា អំឡុងឆ្នាំ២០០៧-២០០៨ ប្រធានក្រុមហ៊ុន លោក គាន គឹមលាង បានធ្វើកិច្ចសន្យាទិញ-លក់ផ្ទះជាមួយពួកគេ ក្នុងតម្លៃទៅតាមផ្ទះ និងកិច្ចសន្យារៀងៗខ្លួន ហើយពួកគេបានអនុវត្តកាតព្វកិច្ចបង់ប្រាក់ឱ្យក្រុមហ៊ុន ទៅតាមកិច្ចសន្យាគ្រប់ចំនួនរួចរាល់ហើយ ប៉ុន្តែក្រុមហ៊ុនពុំទាន់អនុវត្តកាតព្វកិច្ច កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិលើទីតាំងផ្ទះ ទាំងអស់ខាងលើទៅឱ្យពួកគេទេ ដោយធ្វើការគេចវេស មិនព្រមទទួលខុសត្រូវក្នុងការកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិឱ្យពួកគេទៀតផង។

នៅក្នុងរឿងនេះពួកគេ សំណូមពរសូមឱ្យក្រុមហ៊ុនទទួលស្គាល់កិច្ចសន្យា ដែលបានធ្វើឡើងជាមួយពួកគេទាំងអស់គ្នា អនុវត្តកាតព្វកិច្ចផ្ទេរកម្មសិទ្ធិអចលនវត្ថុក្នុងកិច្ចសន្យាមកឱ្យពួកគេ និងសុំឱ្យក្រុមហ៊ុន មិនទាមទារប្រាក់ដែលនៅសល់ចំនួន ១០ភាគរយ ពីពួកគេថែមទៀតដោយមានភ្ជាប់កិច្ចសន្យាទិញលក់មួយចំនួនថែមទៀតផង ។

ដោយឡែកនៅក្នុងពាក្យបណ្តឹង ប្រធានក្រុមហ៊ុន បានបដិសេធ និងចាត់ទុកថា ការចោទប្រកាន់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសសេចក្តីថ្លៃថ្នូរ ដោយលោកអះអាងថា ពួកគេបានធ្វើការបង់ប្រាក់ទៅតាមកិច្ចសន្យាគ្រប់ចំនួនរួចរាល់ហើយ ប៉ុន្តែនៅក្នុងសំណូមពរបែរជាសុំឱ្យក្រុមហ៊ុនមិនទាមទារប្រាក់ដែលនៅសល់ចំនួន ១០ភាគរយ ពីពួកគេថែមទៀតទៅវិញ ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនលោកព្រះរាជអាជ្ញា ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ដោយជនសង្ស័យកំពុងស្ថិតនៅដំណាក់កាលស្ថាប័យអយ្យការធ្វើការសាកសួរតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖