ខេត្តឧត្ដរមានជ័យ ៖ មានសេចក្ដីរាយការណ៍ពីខេត្តឧត្ដរមានជ័យមកថា ក្នុងមួយថ្ងៃៗ មានសត្វមាន់រស់ នាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ជាង ១៥តោន ដោយបង់ពន្ធមិនគ្រប់ សង្ស័យលោក តាញ់ បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ បានឃុបឃិតជាមួយក្រុមហ៊ុន ឆៃណា កេងប្រាក់ពន្ធជូនរដ្ឋ ។
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានសេចក្ដីរាយការណ៍មកថា មន្រ្ដីជំនាញពេទ្យសត្វ បានឃុបឃិតជាមួយនឹងក្រុមហ៊ុន ឆៃណា នាំចូលសត្វមាន់រស់ ពីប្រទេសថៃ ក្នុងមួយថ្ងៃ ជាង ១៥.០០០ក្បាល (មួយម៉ឺនប្រាំពាន់ក្បាល) ដែលច្បាប់ក្រសួងកសិកម្ម អនុញ្ញាតឲ្យនាំចូល ត្រឹមតែ ៣.០០០ក្បាល (បីពាន់ក្បាល) ក្នុងមួយថ្ងៃប៉ុណ្ណោះ និងបង់ពន្ធជូនរដ្ឋ ត្រឹមតែបីពាន់ក្បាល តាមច្បាប់ក្រសួងកំណត់ នេះបើយោងទៅតាមក្រុមអាជីវកររកស៊ីលក់មាន់ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ។
ក្រុមអាជីវកររកស៊ីលក់មាន់ បានបន្តថា អាជីវកម្មនាំមាន់ចូលពីប្រទេសថៃតាមរយៈក្រុមហ៊ុន ឆៃណា បង់ពន្ធមិនគ្រប់ ដោយកើតមានអំពើពុករលួយពីពេទ្យសត្វខេត្ត រហូតដល់ក្រសួងកសិកម្ម ក្នុងនោះក៏វត្ដមានលោក តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានបសុពេទ្យ ផងដែរ ។ ដោយហេតុបញ្ជាក់ថា នាំសត្វមាន់បង់ពន្ធមិនគ្រប់ ហើយក៏គ្មានការបង្ក្រាប ពីថ្នាក់ក្រសួង និងអគ្គនាយកដ្ឋាន ។
បញ្ជាក់ សត្វមាន់នាំចូលពីប្រទេសថៃដូចគ្នាពីខេត្តផ្សេងៗ ត្រូវបានក្រសួង និងអគ្គនាយកដ្ឋានបសុពេទ្យ បង្ក្រាបគ្មានសល់ ចុះមូលហេតុអ្វី បានជាក្រុមហ៊ុន ឆៃណា បង់ពន្ធមិនគ្រប់ កូពីច្បាប់ ចែកគ្នាដឹកជញ្ជូនទូទាំងប្រទេស បែរជាគ្មានវិធានការបង្ក្រាបទៅវិញ? ។
ពលរដ្ឋរស់នៅក្រុងសំរោង បានបញ្ជាក់ថា ពីមុនពួកគាត់រកស៊ីដឹកមាន់បន្តិចបន្តួច បានដោយរលូន តែពេលនោះ ត្រូវបានក្រុមហ៊ុន ឆៃណា ដេញថ្លៃផ្ដាច់មុខ ក្រុមហ៊ុនបានបង្ខំ និងតម្រូវឲ្យពួកគាត់បង់ប្រាក់ក្នុងមួយតាការ ២ម៉ឺនរៀល ធ្វើឲ្យពួកគាត់លែងចំណេញ៕
ជុំវិញករណីខាងលើ ក្រុមការងារ មិនអាចស្វែងរកសុំការបំភ្លឺពីលោក តាញ់ បុត្តា មេពេទ្យសត្វខេត្តឧត្ដរមានជ័យទូសព្ទ័ចូលចុចជាប់រវល់ ៕ ប៉ែន នួន